ចាស់ជរា ស្រ្តីមេម៉ាយ និងប្រជាពលរដ្ឋខ្វះខាត ចំនួន២៥០គ្រួសារ បានទទួលកញ្ចប់អាហារគ្រឿង បរិភោគឧបភោគពីឯកឧត្តមវេជ្ជ. សុះ មុះសិន


ថ្ងៃអាទិត ១០ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងផ្ដល់កញ្ចប់អាហារគ្រឿងបរិភោគ ឧបភោគ ខែបួស រ៉ម៉ាឌន ជូនចាស់ជរា ស្រ្តីមេម៉ាយ ប្រជាពលរដ្ឋខ្វះខាត ចំនួន២៥០គ្រួសារ ស្ថិតក្នុងភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ក្រោមគម្រោងឧបត្ថម្ភអង្គការហាសាណះ នៅប្រទេសអាល្លឺម៉ង់ ផ្ដល់តាមរយៈសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការអភិបាលស្រុកមុខកំពូល សមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ប្រធានយុវជន ស.ស.យ.ក ស្រុក និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា ខេត្តកណ្តាល ។

ឯកឧត្តម សុះ មុះសិន បាននាំក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្ដីនឹករលឹកពីចម្ងាយ ។

សូមបញ្ជាក់ថាអំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋ និងចាស់ជរាចំនួន ២៥០គ្រួសារ ស្ថិតនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលទទួលអំណោយជាកញ្ចប់អាហារគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ ៣៧៥០គីឡូក្រាម មី ២៥០០កញ្ចប់ ទឹកដោះគោ ១២៥០កំប៉ុង ប្រេងឆា ២៥០ដប អំបិល៧៥០គីឡូក្រាម ក្រោមការឧបត្ថម្ភពីអង្គការ ហាសាណះ នៃប្រទេសអាល្លឺម៉ង់ សហការជាមួយសមាគមគ្រូពេទ្យឥស្លាមកម្ពុជា ៕