ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ជួបសំណេះសំណាលជាមួយសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមខេត្តរតនគិរី ដើម្បីត្រៀមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់


(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ដោយពិធីនេះធ្វើឡើងនៅក្រុងបានលុង ខេត្តរតនគិរី។

ពិធីនេះក៏មានការចូលរួមពី លោក ណាប់ ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា, ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងជាអនុប្រធាន គណៈកម្មាធិការគណបក្សខេត្ត, លោក គិត ទ្រី សមាជិកអចិន្ត្រៃយ៍ខេត្តរតនគិរី លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមកម្ពុជា សកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជាគណបក្សនយោបាយប្រកាន់លើសច្ចធម៌ សន្តិភាព និងតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ តាំងពីសម័យសង្គ្រាម រហូតដល់កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានម្លប់សន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានជំរុញលើកទឹកចិត្តសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ឲ្យបន្តរក្សាសាមគ្គីភាព បង្កើនសកម្មភាពផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស ជំរុញការចូលរួមឲ្យកាន់តែសកម្មក្នុងសហគមន៍ខ្មែរឥស្លាមទូទាំងខេត្ត ក្នុងការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។

ឯកឧត្តមក៏បានរំលឹកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជា ទទួលបានពីរាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សហគមន៍ឥស្លាមកម្ពុជា ក៏មានឱកាសចូលរួមបម្រើការងារជួររាជរដ្ឋាភិបាល ជាច្រើនរូប។ ជាមួយគ្នានោះ ដោយក្នុងឆ្នាំ ២០១៥ រដ្ឋាភិបាលក៏បានផ្តល់ជូនសហគមន៍ឥស្លាមកម្ពុជានូវគ្រូក្របខ័ណ្ឌរដ្ឋចំនួន ១,៥០០ នាក់ផងដែរ។

បន្ថែមពីនោះ ឯកឧត្តម អូស្មាន ហាស្សាន់ ក៏បានរំលឹក និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នេីរៀបចំឲ្យមានយ៉ាងហោចណាស់ អភិបាលរងស្រុក-ខណ្ឌ និងអភិបាលរងខេត្ត ១នាក់ ដដែលមានសម្ថភាព សម្រាប់មូលដ្ឋានដែលមានសាសនិកឥស្លាម រស់នៅច្រេីន ដើម្បីភាពងាយស្រួលទំនាក់ទំនងក្នុងសហគមន៍ និងសុខដុមរមណីសាសនា៕