ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ កម្ពុជាកំពុងដាក់ពាក្យស្នើសុំប្រាក់កម្ចីពីមិត្តចិន សាងសង់ផ្លូវជាតិលេខ៣ កំពត-វាលរិញ


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា មកដល់ពេលនេះក្រសួងកំពុងរង់ចាំថវិកា ដែលបានស្នើសុំប្រាក់កម្ចីពីមិត្តចិន ដើម្បីយកមកសាងសង់ផ្លូវជាតិលេខ៣ កំពត-វាលរិញ ប្រវែង២០គីឡូម៉ែត្រ នៅតំបន់ដែលមានដីស្អុយ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងឱ្យបានរឹងមាំប្រើប្រាស់បានយូរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង ចុះពិនិត្យ មើលស្ថានភាពនៃការជួសជុលថែទាំបណ្តោះអាសន្ន កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ប្រវែង២០គីឡូម៉ែត្រ ក្នុងចំណោមប្រវែងសរុប៥៤គីឡូម៉ែត្រ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេស និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «សម្តេចតេជោ ហ៊ុន សែន លោកបានស្នើសុំឱ្យមិត្តចិន ជួយជាប្រាក់កម្ចីសប្បទាន មកសាងសង់ផ្លូវ២០គីឡូម៉ែត្រនេះ ហើយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើលិខិតជាលាយលក្ខអក្សរទៅស្ថានទូតចិនហើយ ដើម្បីស្នើសុំថវិកានេះជាផ្លវការ ចឹងយើងរង់ចាំថវិកាជាប្រាក់កម្ចីពីមិត្តចិន ដើម្បីយើងយកមកសាងសង់នៅទីនេះ»។

ដើម្បីដោះស្រាយបញ្ហាកំណាត់ផ្លូវ២០គីឡូម៉ែត្រក្នុងកាលៈទេសៈចំពោះមុខនេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ក្រសួងកំពុងតែខិតខំប្រឹងប្រែង ស្វែងរកប្រភព ថវិកាក្នុងការស្តារកំណាត់ផ្លូវនេះ ដើម្បីជួយសម្រួលការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនឱ្យបានរលូនជាងមុនជាបណ្ដោះអាសន្នសិន រហូតទាល់តែក្រសួងទទួលបានថវិកា សម្រាប់សាងសង់កំណាត់ផ្លូវនេះតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងអាចប្រើប្រាស់ជាប់យូរអង្វែង។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) មានប្រវែងសរុប ៥៤.៣គីឡូម៉ែត្រ ក្នុងនោះធនាគារពិភពលោកបានផ្ដល់ថវិកា ស្ដារកំណាត់ផ្លូវនេះបានចំនួន ៣៤គីឡូម៉ែត្ររួចហើយ ប៉ុន្តែកំណាត់ផ្លូវ២០គីឡូម៉ែត្រផ្សេងទៀត មានបញ្ហាច្រើនធ្វើមិនបានជាប់ទេ ធ្វើខូចរហូតតាំងពីយូរណាស់មកហើយ ធ្វើមិនដែលបាន ជាប់រឹងមាំទេ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ ពីលក្ខណៈបច្ចេកទេសក្នុងការធ្វើផ្លូវនេះឱ្យបានរឹងមាំ នៅតំបន់ដែលមានដីស្អុយពោលគឺ កំណាត់ផ្លូវ២០គីឡូម៉ែត្រនេះ ត្រូវបែងចែក ជាពីរកំណាត់ ក្នុងនោះ៖ កំណាត់៥ គីឡូម៉ែត្រ មានដីស្អុយជម្រៅរហូតដល់១៨ម៉ែត្រ នៅផ្នែកខាងក្រោម តម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ ជម្រៅ១៨ម៉ែត្រ ដើម្បីធ្វើឱ្យ កំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់១៥ គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះ រួចហើយចាក់បេតុង ២៦សង់ទីម៉ែត្រ លើវាទើបផ្លូវនេះមានភាពរឹងមាំជាប់បានយូរ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើសុំការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ ជាពិសេសអ្នកប្រើប្រាស់កំណាត់ផ្លូវនេះ ចំពោះការបង្ក ឱ្យមាន ការលំបាកក្នុងការធ្វើដំណើរ យឺតយ៉ាវពេលវេលា និងបានសំណូមពរសុំកុំឱ្យមានការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដែលនាំឱ្យផ្លូវកាន់តែមានសភាព ខូចកាន់ តែធ្ងន់ធ្ងរឡើងថែមទៀត៕