រដ្ឋមន្ត្រីក្រសួងការងារ៖ UN ប្រចាំកម្ពុជា ពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា


(ភ្នំពេញ)៖ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា រួមនិងដៃគូអភិវឌ្ឍន៍នានា ពិតជាបានចូលរួមចំណែកយ៉ាងធំធេង និងសកម្មបំផុតលើការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងជម្រាបលារបស់លោកស្រី Pauline Tamesis អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលបានបញ្ចប់អាណត្តិការងាររបស់លោកស្រីនៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា ស្ថាប័នទាំងអស់របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា គឺជាដៃគូសហការដ៏សំខាន់មួយនៃស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា។ ភាពជាដៃគូទាំងនេះ គឺកម្ពុជាទទួលបាននូវក្របខណ្ឌគោលនយោបាយ បច្ចេកទេស ការកសាងសមត្ថភាព រួមទាំងហិរញ្ញវត្ថុ ដែលបានផ្តល់ប្រយោជន៍ដល់យុវជន និងប្រជាជនកម្ពុជាទូទៅ ហើយកម្ពុជាអាចដោះស្រាយបាននូវបញ្ហាសំខាន់ៗជាច្រើនទៀតនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។

ឯកឧត្តម អ៊ិត សំហេង មានក្តីនឹករលឹកជាពន់ពេកសម្រាប់ពេលវេលាពិតជាកន្លងទៅយ៉ាងឆាប់រហ័ស ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើកិច្ចការងារនេះជាមួយ UN អស់រយៈពេល៤ឆ្នាំមកនេះ នៅក្នុងអាណត្តិការងាររបស់លោកស្រី ឃើញថាមានភាពបត់បែន និងទទួលបានជោគជ័យគួរជាទីមោទន។

ក្នុងនាមក្រសួងការងារ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ក្រោមកិច្ចសម្របសម្រួលរបស់លោកស្រីទទួលបានផ្លែផ្កា និងវឌ្ឍនភាព។ សមិទ្ធផលអស់ទាំងនេះហើយដែលលោកស្រីបានបន្សល់ទុកនៅកម្ពុជា សង្ឃឹមថាលោកស្រីនឹងទទួលបានជោគជ័យនៅក្នុងការងារថ្មីរបស់លោកស្រីបន្តទៀត។

លោកស្រី Pauline Tamesis បានបញ្ជាក់ថា ការទទួលជោគជ័យទាំងនេះ ក៏ទទួលបានពីភាពដឹកនាំដ៏ប៉ិនប្រសព្វឈ្លាសវៃរបស់លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរបស់ក្រសួង។ កន្លងមកនេះ អង្គការសហប្រជាជាតិប្រចាំកម្ពុជាអាចសម្រេចបានជោគជ័យដោយសារតែមានម្ចាស់ប្រទេសផ្តល់លទ្ធភាពយ៉ាងពេញលេញក្នុងការសហការភាពជាដៃគូដ៏ល្អជាមួយគ្នា។

លោកស្រីបញ្ជាក់បន្ថែមថា កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីការកសាងមូលធនមនុស្សរបស់កម្ពុជាក្រោមការចាត់ចែង គ្រប់គ្រង ដឹកនាំ សម្របសម្រួលពីស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា។ មួយវិញទៀត ដោយសារតែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានភារកិច្ចស្នូរក្នុងការទំនាក់ទំនងយ៉ាងជិតស្និទ្ធលើផ្នែកអប់រំ អនាគតការងារ សិទ្ធិការងារ សិទ្ធនៃការចូលរួម ការបណ្តុះបណ្តាល ការស្វែងរកការងារ កិច្ចគាំពារសង្គម គម្រោងរោងចក្រកាន់តែប្រសើរជាដើម ដែលទាមទារឲ្យខាង UN បន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។

ទន្ទឹមនេះដែរ លោកស្រីក៏បានកោតសរសើរដល់ក្រសួងការងារ ដែលតែងតែការពារផលប្រយោជន៍ជូនដល់កម្មករនិយោជិត ជាពិសេសយុទ្ធនាការនៃការចាក់វ៉ាក់សាំងជូនដល់កម្មករនិយោជិត ដែលបានរក្សានូវនិរន្តរភាពការងារ និងប្រាក់ចំណូល ព្រមទាំងប្រព័ន្ធគាំពារសង្គមផ្សេងៗទៀត ដែលក្រសួងបានខ្នះខ្នែងក្នុងកិច្ចការងារទាំងនេះ។

លោកស្រីអះអាងថា ទោះបីជាបេសកម្មរបស់លោកស្រីត្រូវបានបញ្ចប់ក៏ពិតមែន ប៉ុន្តែ UN មានកិច្ចការងារជាច្រើនទៀតដែលត្រូវធ្វើនៅកម្ពុជា ដោយក្នុងនោះ UN កំពុងរៀបចំផែនការយុទ្ធសាស្ត្រ៥ឆ្នាំទៅមុខទៀត ដើម្បីធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា។ ខាង UN ស្នើសុំការគាំទ្រពីលោករដ្ឋមន្ត្រី អ៉ិត សំហេង និងក្រសួង-ស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីរីករាយចំពោះការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់ UN ក្នុងការធ្វើការជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា។ កន្លងមក រដ្ឋាភិបាលកម្ពុជាបានអនុម័តផែនការយុទ្ធសាស្ត្រក្រោយវិបត្តិកូវីដ-១៩ ដោយបន្តអនុវត្តអ្វីដែលមានស្រាប់ក្នុងបរិបទថ្មីដោយរៀនរស់នៅជាមួយកូវីដ ក្នុងនោះវិស័យការងារក៏បានបញ្ចូលទៅក្នុងអតិភាពនៃផែនការយុទ្ធសាស្ត្រនេះដែរ ដូចជា ការដោះស្រាយការងារ សន្តិសុខសង្គម ការបណ្តុះបណ្តាលធនធានមនុស្ស។

ឯកឧត្តមបញ្ជាក់ថា ទោះបីជាមានវឌ្ឍភាពលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមដែលត្រូវដោះស្រាយជាបន្តបន្ទាប់ទៅតាមបទដ្ឋានជាតិ និងអន្តរជាតិ ច្បាប់ និងមានការចូលរួមពីភាគីពាក់ព័ន្ធដ៏ទៃទៀត។

គួរជម្រាបថា អំឡុងពេល៤ឆ្នាំដែលបំពេញបេសកកម្ម លោកស្រី Pauline Tamesis បានចូលរួមការងារសំខាន់ៗពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា រួមមាន ការងារសមរម្យ ការអភិវឌ្ឍជំនាញ និង TVET សម្រាប់យុវជន ការងារទេសន្តរប្រវេសន៍ វិស័យកាត់ដេរ និងផ្នែកសន្តិសុខសង្គម៕