កម្ពុជា-កូរ៉េខាងត្បូងរំពឹងថា ការចូលជាធរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និង កូរ៉េ នឹងជួយត្រួសត្រាយផ្លូវ ក្នុងការបង្កើនសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរកាន់តែកើនឡើងថែមទៀត។

ឯកឧត្តម សុខ ចិន្តាសោភា លើកឡើងបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ឃូ យុនឆូល (Koo Yun-cheol) រដ្ឋមន្រ្តីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃ ទី២៩ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ ត្រូវបានចុះហត្ថលេខាលើកាលពីចុងខែតុលា ឆ្នាំ២០២១ ដែលកិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននាពេលឆាប់ៗខាងមុខ។

ឯកឧត្តម សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគផ្ទាល់ពីកូរ៉េ ដែលមិនត្រឹមតែនាំមកនូវដើមទុន និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងនាំមកនូវស្មារតីតស៊ូមិនលះបង់ផងដែរ។

ជាមួយគ្នា ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូអំពីការចូលជាធរមាននៃច្បាប់វិនិយោគថ្មី កាលពីចុងឆ្នាំ២០២១កន្លងទៅ ស្របពេលដែលកម្ពុជា បានបើកដំណើរការសកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីមានការរំខានយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺកូវីដ-១៩។ តាមរយៈច្បាប់វិនិយោគថ្មីនេះ នឹងចូលរួមទាក់ទាញការវិនិយោគ ពីកូរ៉េមកកម្ពុជាបន្ថែមទៀត ជាពិសេស ក្នុងវិស័យឌីជីថល ដែលសាធារណរដ្ឋកូរ៉េ បានបោះជំហាននាំមុខគេលើសាកលលោក និងក្នុងវិស័យកែច្នៃចំណីអាហារ ដែលជាវិស័យមានសក្តានុពលខ្ពស់នៅកម្ពុជា។

ឯកឧត្តម ឃូ យុនឆូល រដ្ឋមន្រ្តីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានផ្តល់កិច្ចគាំទ្រគ្រប់បែបយ៉ាង ដល់វិនិយោគិនកូរ៉េនៅកម្ពុជា។

ឯកឧត្តមជឿជាក់ថា កិច្ចគាំទ្រនេះគួបផ្សំជាមួយនឹងច្បាប់វិនិយោគថ្មីរបស់កម្ពុជា និងការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងជំរុញឱ្យមានការវិនិយោគពីកូរ៉េមកកម្ពុជាបន្ថែម។

ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីទទួលបន្ទុកសម្របសម្រួល គោលនយោបាយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េរូបនេះ បានអញ្ជើញ ឯកឧត្តម សុខ ចិន្តាសោភា និងសហការី ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ នៅពេលវេលាសមស្របណាមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យវិនិយោគនិងសហ-ប្រតិបត្តិការអភិវឌ្ឍន៍។

ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលបានបន្តរក្សាឱ្យមានជើងហោះហើរត្រង់ រវាងទីក្រុងសេអ៊ូល និង រាជធានីភ្នំពេញ ដោយពុំមានការរអាក់រអួលចាប់តាំងពីដំណាក់កាលដំបូង នៃការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ រហូតមកទល់បច្ចុប្បន្ន ដែលប្រការនេះ បានផ្តល់លទ្ធភាពដល់កម្ពុជា ក្នុងការតភ្ជាប់ជាមួយពិភពលោក។

សូមបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោង វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់កូរ៉េចំនួន ២១៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ៥ប៊ីលានដុល្លារអាមេរិក ៕