កម្ពុជា កូរ៉េ ប្តេជ្ញាបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់ការវិនិយោគលើវិស័យឯកជន


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម KOO Yun Cheel រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោ បាយរដ្ឋាភិបាល (Minister for Government Policy Coordination)នៃសាធារណរ ដ្ឋកូរ៉េ បានពិភាក្សានិងប្តេជ្ញាថា នឹងបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់ការវិនិយោគលើវិស័យឯកជន ដើម្បីទាក់ទាញអ្នកវិនិយោគកូរ៉េឱ្យមកបណ្តាក់ទុនច្រើនបន្ថែមទៀត ។

ការប្តេជ្ញានេះធ្វើឡើងក្នុងឪកាសដែល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម KOO Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួល

គោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance – ODA) ក្នុងការរួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍សង្គម- សេដ្ឋកិច្ចកម្ពុជា តាមរយៈមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច (Economic Development Cooperation Fund – EDCF) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ជាភ្នាក់ងារអនុវត្ត ។ ចាប់តាំងពីឆ្នាំ ១៩៩៦ ដល់បច្ចុប្បន្ន, សាធារណរដ្ឋកូរ៉េបានផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជាប្រមាណជា ៤៣១ លានដុល្លារអាមេរិក ។ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន គិតចាប់ពីឆ្នាំ ២០០០ មកដល់បច្ចុប្បន្ន ភាគីកូរ៉េបានផ្តល់ឥណទានសម្បទានដល់កម្ពុជានូវទឹកប្រាក់ សរុបប្រមាណជាង ១ ២១១ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោង/ កម្មវិធីអភិវឌ្ឍន៍ចំនួន ២៦ គម្រោង ដែលសុទ្ធសឹងជាគម្រោងអាទិភាព ក្នុងការផ្តល់ឥណទានសម្បទានរបស់ខ្លួន ស្របតាម យុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីយុទ្ធសាស្រ្តត្រីកោណ រហូតដល់យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ដែលបានធ្វើឱ្យសាធារណរដ្ឋកូរ៉េ ក្លាយជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៏សំខាន់ លំដាប់ទី ៣ ក្នុងការចូលរួមចំណែកជួយគាំទ្រដល់ប្រទេសកម្ពុជា បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសជប៉ុន ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានសម្រេចផ្ដល់ការសន្យាកញ្ចប់ឥណទានសម្បទានបន្ថែម ទៀត តាមរយៈកិច្ចសម្របសម្រួលក្របខណ្ឌ( Framework Arrangement) ថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ ប៊ីលាន ដុល្លារអាមេរិក សម្រាប់ឆ្នាំ

២០២២ ដល់ឆ្នាំ ២០២៦ និងសង្ឃឹមថា ភាគីទាំងពីរនឹងពិភាក្សាសម្រេចទៅលើវិស័យ និងគម្រោងអាទិភាព ក្នុង

ការប្រើប្រាស់កញ្ចប់ (Framework Arrangement-F/A) ថ្មីនេះ តាមរយៈកិច្ចពិគ្រោះយោបល់កម្រិតគោល

នយោបាយលើកទី ៤ (4th Korea-Cambodia Integrated ODA Policy Dialogue) ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ ។

ឯកឧត្តម KOO Yun Cheol បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវ លទ្ធផលល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេស ការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានមកលើសកម្មភាព សេដ្ឋកិច្ច ក្នុងរយៈពេលកន្លងមក ហើយ ឯកឧត្តមសូមជូនពរឱ្យកម្ពុជាបំពេញភារកិច្ចជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រកបដោយជោគជ័យ និង

ដឹកនាំអាស៊ានឆ្ពោះទៅរកសុខសន្តិភាព និងវិបុលភាពជារួម សំដៅបន្តបេសកកម្មក្នុងការកសាងសហគមន៍

អាស៊ាន ក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់អាស៊ានក្នុងឆាកអន្តរជាតិ ក្រោមចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ ។

ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ

ឯកឧត្តម KOO Yun Cheol និងគណៈប្រតិភូ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានឆ្លៀត

ពេលវេលាដ៏មានតម្លៃ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរឯកឧត្តម KOO Yun

Cheol និងគណៈប្រតិភូ ទទួលបាននូវសុខភាពល្អ, សុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបាននូវជោគជ័យក្នុងគ្រប់ភារកិច្ច ៕