នាយករដ្ឋមន្ត្រីកម្ពុជា៖ បើគ្មានសន្តិភាព កុំនិយាយដល់ការអភិវឌ្ឍ និងសិទ្ធិមនុស្ស


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកសន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ ព្រោះប្រសិនបើគ្មានសន្តិភាពទេ កុំនិយាយពីការអភិវឌ្ឍ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឱ្យសោះ សម្រាប់កម្ពុជាបច្ចុប្បន្នគឺមានសន្តិភាពពេញលេញហើយ ប៉ុន្តែក៏កំពុងរួមគ្នាខិតខំការពារសន្តិភាពនៅស្ថិតស្ថិរដែរ ហើយទោះតម្លៃណាក៏ដោយកម្ពុជាមិនយកសន្តិភាពទៅដោះដូរនឹងអ្វីផ្សេងឡើយ។

ការបញ្ជាក់យ៉ាងមុតមាំបែបនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានលើកឡើងក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាផ្លូវការ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

មេដឹកនាំដែលខិតខំស្រោចស្រង់ប្រទេសនិងប្រជាជនពីភ្លើងសង្គ្រាមរូបនេះ បានរំឭកនូវសាវតាជូរចត់របស់ប្រជាជនកម្ពុជាឡើងវិញថា កម្ពុជាបានមើលឃើញពីតម្លៃសន្តិភាពតាំងពីសម័យសង្គ្រាមឆ្នាំ១៩៧០ ឬកាលពី៥២ឆ្នាំមុននោះមកម្ល៉េះ ដែលកាលណោះប្រជាជនគ្រប់រូបសុទ្ធតែត្រូវការសន្តិភាព ប៉ុន្តែពួកយើងគ្មានជម្រើសនោះទេ ទោះបីឈរនៅខាងភាគីណា (ភាគីជម្លោះ) ក៏ត្រូវគេចាប់ឱ្យធ្វើទាហាន ច្បាំងស្លាប់បាត់បង់ជីវិត ព្រាត់ប្រាសសាតិសណ្ដានដូចតែគ្នាដែរ។

សម្ដេចតេជោបានបន្តថា ចាប់តាំងពីឆ្នាំ១៩៧៩រហូតមកដល់បច្ចុប្បន្ន ខ្លួនសម្ដេចផ្ទាល់ និងឥស្សរជនដទៃទៀតបានរួមចំណែកជាមួយប្រជាជនកម្ពុជា ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាពនយោបាយពេញផ្ទៃប្រទេស ទើបផ្ដល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលបន្តកិច្ចការអភិវឌ្ឍប្រទេស ពង្រឹងប្រជាធិបតេយ្យ ពង្រឹងសិទ្ធិមនុស្ស និងកិច្ចគាំពារជាបន្តបន្ទាប់ទៀត។

នាយករដ្ឋមន្ត្រីដែលមានបទពិសោធន៍ដឹកនាំប្រទេសជិត៣០មកនេះ ចង់បញ្ជាក់ទៅកាន់ពិភពលោកថា «ប្រសិនបើគ្មានសន្តិភាព កុំនិយាយដល់ការអភិវឌ្ឍ កុំនិយាយពីសិទ្ធិមនុស្ស»

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីភាពជាក់ស្ដែងនៃព្រឹត្តិការណ៍ពិភពលោកបច្ចុប្បន្នយ៉ាងដូច្នេះថា ម៉ោងនេះពេលនេះ នៅប្រទេសអ៊ុយក្រែនគឺពិតជាត្រូវការសន្តិភាពជាសំខាន់ ពោលគឺមិននិយាយពីសិទ្ធិមនុស្សនោះទេ តើសិទ្ធិមនុស្សមាននៅកន្លែងណា បើប្រជាជនរស់នៅក្រោមស្ពានក្រោមដី គ្មានសាលារៀន គ្មានទឹកស្អាត គ្មានអគ្គិសនីប្រើប្រាស់នោះ។ ប្រជាជនរត់ភៀសខ្លួនពីអ៊ុយក្រែនចូលទៅប្រទេសដទៃទៀតនៅតំបន់អឺរ៉ុប ក៏ត្រូវគេរើសអើងទៀត ដោយជនជាតិអ៊ុយក្រែនខ្លះត្រូវបានគេស្វាគមន៍ ឯជនជាតិដទៃដែលមិនមែនជាជនជាតិអ៊ុយក្រែន បែរជាត្រូវគេរើសអើងទៅវិញ តួយ៉ាងដូចជានិស្សិតជនជាតិសេនីហ្កាល់ជាដើម គឺត្រូវពួកអឺរ៉ុបរើសអើងមិនឱ្យភៀសខ្លួនចូលប្រទេសរបស់ពួកគេឡើយ។

សម្ដេចតេជោបានបន្តថា អ្នកដែលនិយាយពីបញ្ហារើសអើង និយាយពីបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស មិនប្រាកដថានិយាយត្រឹមត្រូវនោះទេ ព្រោះពួកអ្នកនិយាយពីសិទ្ធិមនុស្សទាំងនោះតែងអនុវត្តស្ដង់ដា២ ឬ៣ តួយ៉ាងដូចជាករណីជនភៀសខ្លួនចេញពីអ៊ុយក្រែន គឺមានការរើសអើងជនជាតិនេះជនជាតិនោះ។ នៅមានបញ្ហាមួយទៀត គឺជនភៀសខ្លួនចេញពីប្រទេសស៉ីរី និងប្រទេសលីប៊ី ដែលកំពុងនៅក្នុងជំរុំភៀសខ្លួននៅឡើយ ហើយពួកគេក៏រងការរើសអើងពីសំណាក់អ្នកដែលនិយាយពីសិទ្ធិមនុស្សនោះដែរ។ «ដូច្នេះយើងចោទសួរទៅពួកអឺរ៉ុបថា តើហេតុអ្វីបានជាអ្នកឯងមានស្ដង់ដា២ ឬ៣?» នេះជាការបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបន្តទៀតថា ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មិនចំណុះលើការនិយាយនោះទេ គឺត្រូវមើលលើសកម្មភាពជាក់ស្តែង។

សម្ដេចតេជោបានលើកឡើងទៀតថា នៅពេលមានអស្ថិរភាពដោយសារសង្គ្រាមនៅអ៊ុយក្រែន និងដោយសារអាទិភាពនៃការកើតឡើងសង្គ្រាមលោកលើកទី៣ និងសង្គ្រាមនុយក្លែអ៊ែរ ពិភពលោកកំពុងស្រែករកសន្តិភាព និងកំពុងខិតខំការពារសន្តិភាព ដូចជានៅអ៊ុយក្រែន ស៉ីរី លីប៊ី ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល ម៉ាលី ដែលកងទ័ពកម្ពុជាកំពុងចូលរួមការពារសន្តិសុខ-សន្តិភាពនៅទីនោះ (ក្រោមឆ័ត្រអង្គការសហប្រជាជាតិ) គឺសុទ្ធតែកំពុងត្រូវការសន្តិភាពជាចាំបាច់ ដូច្នេះកត្តាសន្តិភាពពិតជាមានតម្លៃខ្លាំងណាស់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការប្ដេជ្ញាថា សម្រាប់កម្ពុជា នៅពេលនេះមានសន្តិភាពពេញលេញហើយ ប៉ុន្តែក៏កំពុងខិតខំការពារសន្តិភាពនេះផងដែរ ទោះបីក្នុងតម្លៃណាក៏ដោយ៕