ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំពិនិត្យ សេចក្តីព្រាងរបាយការណ៍លទ្ធផល សម្រាប់ដំណាក់កាលទី១ នៃការរៀបចំផែនការមេ អភិវឌ្ឍខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង


(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្ដរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងរបាយការណ៍លទ្ធផល សម្រាប់ដំណាក់កាលទី ១ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» តាមរយៈប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិក-សមាជិការ នៃ គ.ស.ផ។

គោរពតាមគោលការណ៍ឯកភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជ្រើសរើសយក វិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (Urban Planning and Design Institute of Shenzhen) ហៅកាត់ថា UPDIS ដើម្បីផ្តល់សេវាកម្មក្នុងការរៀបចំផែនការមេដ៏មានសារៈសំខាន់នេះ ដែលត្រូវបានចែកជា៥ ដំណាក់កាល ដោយត្រូវចំណាយពេលប្រមាណ១៨ខែ។ វិទ្យាស្ថាន UPDIS គឺជាស្ថាប័នរៀបចំនគរូបនីយកម្ម ដែលមានបទពិសោធន៍ច្រើន និងទូលំទូលាយ ក្នុងការរៀបចំផែនការមេ, ទាំងនៅក្នុងប្រទេសចិន និងលើសកលលោកទាំងមូល និងជាស្ថាប័ននាំមុខក្នុងការរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុងស៊ិនជិន ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដ៏ល្បីល្បាញក្នុងប្រទេសចិន ។

វិទ្យាស្ថាន UPDIS បានរៀបចំ «សេចក្តីព្រាងរបាយការណ៍លទ្ធផល សម្រាប់ដំណាក់កាលទី ១ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដោយផ្តោតលើផ្នែកសំខាន់ៗចំនួន២ រួមមាន ១.ការវិភាគតំបន់ និងស្ថានភាព និង ២.ទស្សនាទានបឋម ដែលបង្ហាញពីរូបភាពអនាគតនៃការរៀបចំផែនការមេ។ ជារួម, សេចក្តីព្រាងរបាយការណ៍នេះ គឺជាទស្សនាទានបឋមនៃផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ក្នុងកម្រិតម៉ាក្រូ ដែលមានចរិកជាយុទ្ធសាស្រ្ត និងទិសដៅគោលនយោបាយ ។

ការរៀបចំផែនការមេនេះ គឺជាផ្នែកមួយនៃការគិតគូរជាយុទ្ធសាស្ត្រ ក្នុងរយៈពេលមធ្យម និងវែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ជំរុញកិច្ចអភិវឌ្ឍជាតិឱ្យរីកចម្រើនទៅមុខ ប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមការកំណត់ ក្នុងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ។

ការរៀបចំផែនការមេនេះ គឺមានការគិតគូរយ៉ាងល្អិតល្អន់ ដោយរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធទំនើប ប្រកបដោយនវានុវត្តន៍ខ្ពស់ ដែលអាចចាត់ទុកជាប្រភេទទីក្រុងវ័យឆ្លាត (SMART CITY) ទាំងការរៀបចំសំណង់អគារ តំបន់លំនៅដ្ឋាន, ការកំណត់ តំបន់ឧស្សាហកម្ម តំបន់ការពារបរិស្ថាន ។ល។ ប្រកបដោយការច្នៃប្រឌិតខ្ពស់ សោភ័ណ្ឌភាព និងផាសុខភាព ដែលគួរឱ្យចង់រស់នៅ ។

អង្គប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងរបាយការណ៍នេះ ព្រមទាំង បានផ្តល់អនុសាសន៍គន្លឹះ ពិសេស ផ្តោតលើទិសដៅអភិវឌ្ឍ, វិស័យសេដ្ឋកិច្ច-ឧស្សាហកម្មដែលមានសក្តានុពល, ការរៀបចំប្លង់គោល និងក្របខ័ណ្ឌស្ថាប័ន ជាដើម ដើម្បីជួយតម្រង់ទិសឱ្យក្រុមការងារនៃវិទ្យាស្ថាន UPDIS កែតម្រូវសេចក្តីព្រាងរបាយការណ៍ដំណាក់កាលទី១នេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់ជាត្រីវិស័យ ដើម្បីជាមូលដ្ឋានក្នុងការសិក្សា និងរៀបចំការងារជំហានបន្តបន្ទាប់ទៀត ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ និងផ្តល់កិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រុមការងារដឹកនាំដោយវិទ្យាស្ថាន UPDIS ដែលបានខិតខំរៀបចំសេចក្ដីព្រាងរបាយការណ៍លទ្ធផល ក្នុងដំណាក់កាលទី ១ និងបានណែនាំឱ្យក្រុមការងារធ្វើការកែសម្រួលឯកសារនេះ ស្របតាមស្មារតីនៃកិច្ចប្រជុំ ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចការ ក្នុងដំណាក់កាលទី២ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង៕