សម្ដេចក្រឡាហោម ស ខេង គាំទ្រការបង្កើតច្បាប់ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយ ដែលអាចច្នៃផលិតគ្រឿងញៀន


(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការគាំទ្រចំពោះការបង្កើតច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុផ្សំទាំងឡាយ ដែលអាចយកទៅកែច្នៃ ឬផលិតជាគ្រឿងញៀន។

ក្នុងឱកាសអញ្ជើញបូកសរុបលទ្ធផលការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា សម្ដេចបានពិភាក្សាជាមួយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងឯកឧត្តមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួចរាល់ហើយដើម្បីរៀបចំបង្កើតច្បាប់នេះ សំដៅទប់ស្កាត់ការលួចផលិត និងកែច្នៃគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានពិភាក្សាជាមួយក្រសួងយុត្តិធម៌ និងអគ្គស្នងការដ្ឋាននគរបាល យើងបានឯកភាពគ្នាថា យើងចាំបាច់ត្រូវតែបង្កើតក្របខណ្ឌច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយ ដែលយកទៅកែច្នៃផលិតគ្រឿងផ្សំ ដើម្បីផលិតគ្រឿងញៀនបាន»

ការបញ្ជាក់បែបនេះរបស់សម្ដេចក្រឡាហោម ស ខេង ក្រោយពេលដែលកម្ពុជា បង្ក្រាបបានជាបន្ដបន្ទាប់នូវបទល្មើសគ្រឿងញៀន ពិសេសការលួចផលិតនៅក្នុងស្រុកតែម្ដង ដើម្បីនាំចេញទៅកាន់ប្រទេសទីបី។ បើតាមសម្ដេច ស ខេង ក្រៅពីគ្រឿងញៀនហើយនោះ សមត្ថកិច្ចជំនាញក៏បានរកឃើញនូវសារធាតុគីមីផ្សំ រហូតដល់ជាង៣០០តោនផងដែរ ដែលបម្រើឲ្យការផលិតគ្រឿងញៀន។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា ក្រសួងស្ថាប័នពាក់ព័ន្ធ បានអនុញ្ញាឲ្យនាំចូលសារធាតុគីមីស្របច្បាប់មកប្រទេសកម្ពុជា ដើម្បីផលិត ឬកែច្នៃ សម្រាប់ប្រើប្រាស់ក្នុងវិស័យផ្សេងៗ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្ដែពួកក្រុមឧក្រិដ្ឋជនបានលួចបន្លំយកសារធាតុគីមីនេះ ទៅប្រើប្រាស់ផ្សំចេញជាគ្រឿងញៀន រួចហើយ ប្រើប្រាស់នៅប្រទេសកម្ពុជា និងប្រើប្រាស់ទៅប្រទេសទី៣ ឬទី៤ ជាដើម។

ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យការងារទាំងនេះទទួលបានជោគជ័យ មិនមែនមានន័យថា រាំងស្ទះដល់ការនាំចូលសារធាតុគីមីទាំងនោះចូលមកកម្ពុជាឡើយ។ ប៉ុន្ដែទន្ទឹមនឹងនោះ ត្រូវអនុវត្តផែនការ ក្នុងការលួចកែច្នៃគ្រឿងញៀន។ សម្ដេចសង្ឃឹមថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងខិតខំធ្វើការងារទាំងនេះ ក្នុងគោលដៅទប់ស្កាត់ គ្រឿងញៀនខុសច្បាប់នៅប្រទេសកម្ពុជា។

គួរជម្រាបថា កម្លាំងសមត្ថកិច្ចកម្ពុជាបានបង្ក្រាបបានសារធាតុផ្សំដើម្បីធ្វើជាគ្រឿងញៀន រហូតដល់ជាង៣០០តោន ហើយនៅពេលនេះស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ កំពុងតែរួមគ្នាគិតគូររកវិធីដើម្បីបន្សាបនូវសារធាតុផ្សំទាំងអស់នោះ មុនយកទៅកម្ទេចចោល។ នេះបើតាមការឲ្យដឹងពី សម្ដេចក្រឡាហោម ស ខេង ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង។

ក្នុងឆ្នាំ២០២១កន្លងទៅ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុប ៦,៣០៨ករណី ស្មើនឹង៦០,៣០% គិតលើឆ្នាំ២០២០ (១០,៤៦១ករណី) មានចំនួនតិចជាង ៤,១៥៣ករណី ថយចុះ ៣៩,៧០%។ ជនសង្ស័យសរុប ឃាត់ខ្លួន ១៣,៩៧៩នាក់/ស្រី ៨៣១នាក់ ស្មើនឹង ៦៤,៨២% គិតលើឆ្នាំ២០២០ (២១,៥៦៦នាក់) មានចំនួនតិចជាង ៧,៥៨៧នាក់ ថយចុះ ៣៥,១៨%។ ដោយឡែក គ្រឿងញៀនសរុបចាប់យកបានចំនួន ០៤តោន ៦៨៩គីឡូក្រាម និង៦១១,៤៧ក្រាម ស្មើនឹង១២១% គិតលើឆ្នាំ២០២០ (០៣ តោន ៨៧៥ គីឡូក្រាម និង៨៩៨,០០ក្រាម) មានចំនួនច្រើនជាង ៨១៣គីឡូក្រាម និង៧១៣,៤៧ក្រាម កើនឡើងប្រមាណ ២១%៕