សម្តេចតេជោ ហ៊ុន សែន៖ ត្រូវមើលពីគុណសម្បត្តិរបស់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចលះបង់គ្មានសម្រាក នៅពេលមានពិធីបុណ្យទានម្តងៗ ដើម្បីការពារសណ្តាប់ធ្នាប់ជូនពលរដ្ឋ


(ភ្នំពេញ)៖ ក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនឹងខិតជិតមកដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សូមប្រជាពលរដ្ឋទាំងអស់ត្រូវមើលពីគុណសម្បត្តិរបស់អាជ្ញាធរ កម្លាំងសមត្ថកិច្ច ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ ដែលបានលះបង់ គ្មានពេលសម្រាកនៅក្នុងឱកាសពិធីបុណ្យទានផ្សេងៗ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដូច្នេះ មិនត្រូវមើលរំលងពីគុណ្យសម្បត្តិនេះនោះទេ។

នាឱកាសនោះដែរ ប្រមុនៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ដែលជួបជុំលេងសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ត្រូវបន្តអនុវត្តន៍វិធានសុខាភិបាល ជាពិសេសវិធានការ «៣កុំ និង៣ការពារ» ដើម្បីជៀសផុតពីការចង្លងជំងឺកូវីដ១៩ ទាំងអស់គ្នា។

ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ ««អញ្ចឹង យើងត្រូវឃើញការលះបង់នៃក ម្លាំងដែលមានសមត្ថកិច្ចធំធេងណាស់ យើងសប្បាយរីករាយ នឹងទទួលទេវតាក្នុងពេលដែលនគរបាលជាតិ កងរាជអាវុធហត្ថ និងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ កំពុងឈរយាមយើង ឱ្យយើងសប្បាយ យើងត្រូវឃើញការលះបង់របស់ពួកគាត់នៅទីកន្លែងនេះ យើងមានពេលជប់លាង នាំគ្នាច្រៀងរាំនៅខាងក្នុង ប៉ុន្តែ នៅខាងក្រៅមានកម្លាំងប៉ូលីស កម្លាំង PM ឈរយាមការពារយើង អញ្ចឹងការខុសត្រូវ បន្តិចបន្តួច […] ខ្ញុំមិនមែនសម្រាលដល់អ្នកប្រព្រឹត្តខុសទេ ក៏ប៉ុន្តែ ត្រូវមើលឃើញ អំពីការទទួលខុសត្រូវនៃសមត្ថកិច្ច អាជ្ញាធរគ្រប់ទីកន្លែង អត់បានដេក អត់បានពួនទេ ហៅពេលណាឆ្លើយពេលណុង ក្នុងពេលវេលាដែលគេជួបជុំសប្បាយរីករាយ គ្រូពេទ្យរបស់យើងនៅធ្វើការនៅឡើយទេ…!» អញ្ចឹងបានត្រូវឃើញពីការលះបង់ ការប្រឹងប្រែងរបស់អាជ្ញាធរ ការប្រឹងប្រែងកម្លាំងមានសមត្ថកិច្ច របស់យើង ជាពិសេសសណ្តាប់ធ្នាប់សាធារណៈ ដែលត្រូវការពារឱ្យយើងសប្បាយនេះ»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជោគជ័យនៃការគ្រប់គ្រងលើជំងឺកូវីដ១៩ នៅប្រទេសកម្ពជា មិនមែនបានមកតួអង្គរបស់សម្តេចតែម្នាក់ឯងនោះឡើយ តែគឺបានមកពីការចូលរួមពីគ្រប់កោសិកាសង្គម ហើយសម្តេចគ្រាន់តែជាមេបញ្ជាការនៃយុទ្ធនាការទប់ស្កាត់ការពារ និងគ្រប់គ្រងសភាពការណ៍ ក៏ប៉ុន្តែ សម្រាប់សកម្មភាពគ្រប់គ្រងការចម្លងជំងឺកូវីដ១៩ គឺត្រូវតែមានការចូលរួមគ្រប់ផ្នែកទាំងអស់ អាជ្ញាធរថ្នាក់ក្រោមជាតិ មន្ត្រីសុខាភិបាល ជាពិសេសប្រជាជនម្នាក់ៗផ្តើមពីការចេះការពារខ្លួនពីជំងឺនេះជាដើម។

ប្រមុនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា ធ្វើយ៉ាងណាសូមឱ្យថ្ងៃសម្រាកនៃពិធីបុណ្យចូលឆ្នាំថ្មីរួចហើយក្លាយទៅជាការផ្ទុះនៃជំងឺកូវីដ១៩ ឱ្យសោះ ដូច្នេះ នៅគ្រប់ទីកន្លែងទាំងអស់ ត្រូវតែមានវិធានការតការពារ ទប់ស្កាត់ជំងឺកូវីដ១៩នេះ ឱ្យបានម៉ត់ចត់ មិនមែនគ្រាន់តែទាក់ទិននឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់នោះទេ ប៉ុន្តែ អាជ្ញាធរនៅតាមគ្រប់ទីកន្លែងទាំងអស់ ត្រូវមើលគ្រប់គ្រងទាំងកម្លាំងសន្តិសុខ ការពារសណ្តាប់ធ្នាប់ ព្រមទាំងការងារទាក់ទិននឹងបញ្ហាសុខាភិបាល ដោយមានពេទ្យ មានកន្លែងធ្វើតេស្តរហ័ស ជាដើម ហើយត្រូវបំប៉ន ក្រុមគ្រូពេទ្យយ៉ាងណា នៅក្នុងរយៈពេលចូលឆ្នាំនេះ ដើម្បីឱ្យពួកគាត់មានលទ្ធភាពធ្វើការនៅក្នុងពេលហ្នឹង។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមសប្បាយរីករាយទាំងអស់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលបានអាក់ខានរយៈពេល ២ឆ្នាំមកហើយ ដូច្នេះ សម្រាប់នៅឆ្នាំ២០២២នេះ ក៏ប៉ុន្តែ ត្រូវតែព្យាយាមរក្សានូវគម្លាតសុវត្ថិភាពសង្គម ដើម្បីជៀសផុតពីជំងឺកូវីដ១៩ ជាដើម។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានគាំទ្រសម្តេចផ្តល់ឱកាសយកប្រទេសចេញពីភ្លើងសង្គ្រាម និងជំរុញការអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់លើវិស័យ៕