ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំឲ្យមន្រ្តីអាជ្ញាធរមីន ត្រូវបន្តផ្តល់ភាពជាដៃគូគ្រប់ភាគី ដែលចង់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការងារសកម្មភាពមីនមនុស្សធម៌


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អាជ្ញាធរមីនប្រចាំត្រីមាសទី១ ឆ្នាំ២០២២ នៅសាលប្រជុំអាជ្ញាធរមីន។

ក្នុងនាមអាជ្ញាធរមីនជាសេនាធិការឲ្យរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា អាជ្ញាធរមីន ត្រូវបន្តពង្រឹងភាពជាអ្នកដឹកនាំ ការគ្រប់គ្រង និងការសម្របសម្រួលសម្រាប់វិស័យសកម្មភាពមីនទាំងមូល ជាពិសេសបង្កលទ្ធភាពងាយស្រួលទៅគ្រប់ដៃគូពាក់ព័ន្ធ បន្តផ្តល់ទំនាក់ទំនងឲ្យបានកាន់តែប្រសើរឡើង និងពិនិត្យលទ្ធភាពឆ្លើយតបឲ្យទាន់ពេលវេលាទៅដល់គ្រប់ភាគី ដែលមានបំណងចង់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារសកម្មភាពមីនមនុស្សធម៌។

ឯកឧត្តមទេសរដ្ឋមន្ដ្រី បានបន្ដថា មន្រ្តីអាជ្ញាធរមីន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ និងសិក្សាស្វែងយល់បន្ថែមឲ្យកាន់តែស៊ីជម្រៅនូវស្ថានភាពទូទៅ និងការវិវត្តន៍នៃវិស័យសកម្មភាពមីនទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក ក៏ដូចជាការធ្វើទំនើបនីយកម្ម និងការប្រើប្រាស់ធនធានសមត្ថភាពឲ្យមានប្រសិទ្ធភាពខ្ពស់ ទាំងចំណេះដឹង ចំណេះធ្វើ និងបន្តការរៀនសូត្រជាប្រចាំ។

ក្នុងឱកាសនោះ ឯកឧត្តមបានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីនទាំងអស់ ដោយសង្កត់ធ្ងន់រួមមាន៖ ទី១៖ ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងគោរពវិន័យរបស់អង្គភាព, ទី២៖ត្រូវបង្កើតនូវបរិយាកាសដែលជំរុញឲ្យមានគុណតម្លៃសម្រាប់ការងារ, ទី៣៖ លើកតម្កើងគុណធម៌ដែលជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រង, ទី៤៖ ត្រូវមានបំណងប្រាថ្នា កិច្ចប្រឹងប្រែង ឧត្តមគិត និងជំនឿជឿជាក់លើការងារ និងទី៥៖ ត្រូវបន្តដំណើរទៅមុខក្នុងការជំរុញកំណែទម្រង់ស្ថាប័ន៕