អភិបាលខេត្តកោះកុង ចុះសួរសុខទុក្ខស្ត្រីខ្មែរ-ឥស្លាម ក្នុងក្រុងខេមរភូមិន្ទ


លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានចុះសួរសុខទុក្ខ និងសំណេះសំណាលបងប្អូនស្រ្តីខ្មែរ-ឥស្លាម រស់នៅក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដែលធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

លោកជំទាវ មិថុនា ភូថង បានលើកថ្លែងថា ប្រទេសមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយសារការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះដើម្បីបង្កើនភាពស្និទ្ធស្នាល រវាងថ្នាក់ដឹកនាំ ជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយមិនមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរយើងត្រូវចេះស្រលាញ់គ្នាសាមគ្គីគ្នាទោះបីយើងគោរពប្រពៃណីសាសនាខុសគ្នាក៏ដោយ តែយើងរស់នៅលើដែនសុវណ្ណភូមិកម្ពុជាតែ១។

លោកជំទាវបានថ្លែងបន្តថា សម្រាប់ទឹកដីខេត្តកោះកុង ដោយសារមានសន្តិភាព ស្ថេរភាពនយោបាយ គឺបានទទួលនូវសមិទ្ធផលធំៗ ជាបន្តបន្ទាប់ដូចជា ផ្លូវជាតិលេខ៤៨ កំពុងសាងសង់លើកកម្រិតគុណភាពថ្មី ដែលគ្រោងបញ្ចប់ ជាស្ថាពរ នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ផ្លូវជាតិលេខ១០ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង មកក្រុងខេមរភូមិន្ទ ដែលសម្រេចបានជិត៦០% ស្ពានឆ្លងដៃព្រែក៤កន្លែង វារីអគ្គីសនី៤កន្លែង ក្នុងនោះមានវារីអគ្គីសនីចំនួន៣ បានដាក់ដំណើរការហើយនៅ១ទៀត កំពុងដំណើរការសាងសង់គ្រោងបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ។

ចំពោះហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ត្រូវបានកសាង និងកែលម្អជាបន្តបន្ទាប់ រួមមាន៖ ផ្លូវក្នុងទីរួមខេត្ត និងផ្លូវជនបទសួនច្បារ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព អគាររដ្ឋបាល សោភណ្ឌភាព ទីប្រជុំជន ក្នុងក្រុងខេមរភូមិន្ទ ព្រមទាំងរមណីយដ្ឋានប្រវត្តិសាស្ត្រ និងរមណីយដ្ឋានធម្មជាតិនានា សំដៅប្រែក្លាយទឹកដីខេត្តកោះកុង ជាទឹកដីនៃការទាក់ទាញភ្ញៀវទេសចរណ៍ ប្រកបដោយ ភាពស្រស់បំព្រង និងផាសុកភាព។

ហេតុដូចនេះ ដើម្បីបន្តនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលកម្ពុជាទទួលបាន នាពេលកន្លងមក ខ្ញុំសំណូមពរដល់បងប្អូនមានវត្តមាននាពេលនេះ និងផ្សព្វផ្សាយដល់សមាជិក ក្នុងគ្រួសារសហគមន៍ ដែលគ្រប់អាយុបោះឆ្នោត ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

នាពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងដល់ថ្ងៃចាប់ផ្តើមនៃការបួស (រ៉ម៉ាឌន) ដែលបងប្អូនសាសនិកឥស្លាមគ្រប់រូបនៅទូទាំងសកលលោក ត្រូវធ្វើការបួសតមអាហារនៅពេលថ្ងៃពេញមួយខែ។ ជាមួយគ្នានេះសម្រាប់បងប្អូន សាសនិកឥស្លាម ក៏មានការថ្វាយបង្គំ ប៉ុន្តែត្រូវធានា និងបន្តអនុវត្តនូវវិធាន «៣ការពារ និង៣កុំ» ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ ពីជំងឺកូវិដ១៩ជាជំងឺឆ្លងសកលមានហានិភ័យខ្ពស៕