លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីគណបក្ស ១១៩នាក់ នៅស្រុកលើកដែក


លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ គណៈអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីគណបក្ស និងពិភាក្សាផែនការគម្រោងចំណាយសម្រាប់បម្រើសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ -សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលប្រជុំស្នាក់ការគណបក្សស្រុក ស្ថិតនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដែលមានសមាជិក សមាជិកាចូលរួមចំនួន ១១៩នាក់។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងថា ថ្ងៃនេះពិតជាមានក្តីសោមនស្សសរីករាយណាស់ដែលបានសហការជាមួយគណបក្សស្រុកដើម្បីរៀបចំត្រួតពិនិត្យការងារដែលបានអនុវត្តទៅតាមផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំអាណត្តិទី៥ ។ លោកស្រីបានសម្ដែងការគាំទ្រចំពោះរបាយការណ៍ទាំងស្រុងរបស់គណបក្សស្រុកពីព្រោះក្រោយសន្និបាតរបស់គណបក្សគ្រប់ភូមិដែលបានបង្ហាញពីរបាយការណ៍បូកសរុបការងារ៥ឆ្នាំ ២០១៧ ដល់២០២២ ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ និងបានប្ដេជ្ញាចិត្តទៅតាមយុទ្ធសាស្ត្ររបស់គណបក្សគឺរក្សាភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការសម្រេចជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

ក្នុងឱកាសនោះលោកជំទាវបានលើកឡើងផងដែរថា ជំនួសមុខសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ផ្តាំផ្ញើរនូវការអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សមូលដ្ឋានគ្រប់កម្រិត គ្រប់ផ្នែកក៏ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកលើកដែក ដែលបានខិតខំបំពេញភារកិច្ចតាមតួនាទីពិសេសការទ្រទ្រង់ផ្នែកថវិកា ស្មារតីតម្រង់គោលការណ៍គោលនយោបាយរបស់គណបក្សដែលបានសម្រេចហើយ។

លោកជំទាវក៏បានសម្តែងការអរគុណចំពោះក្រុមយុទ្ធជនអាវស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលជាកោសិកាទាំងមូលក្នុងសង្គមដែលបានចូលរួមចំណែកធ្វើឱ្យយុទ្ធសាស្ត្រនៃការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ជាជម្ងឺរាតត្បាតដ៏សាហាវ ដែលសម្តេចតេជោបានប្រៀបទៅនឹងសង្គ្រាមរំដោះប្រទេស។

ជាមួយគ្នានេះលោកជំទាវបានមានប្រសាសន៏គាំទ្រចំពោះទិសដៅការងារអនុវត្តបន្តរបស់គណបក្សស្រុក និងបានរំលឹកផងដែរថាសុខសុវត្ថិភាពនាឱកាសពេលបោះឆ្នោតគឺជាកត្តាសំខាន់ណាស់ដើម្បីឱ្យអ្នកសង្កេតការណ៍ជាតិអន្តរជាតិវាយតម្លៃថាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា។

លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក និងជាប្រធានគណៈអចិន្ត្រៃយ៍បក្សស្រុកបានជម្រាបជូនអង្គពិធីថា អនុលោមតាមសភាពការណ៍ជាក់ស្តែងនៃឆ្នាំ២០២១ ដែលប្រទេសស្ថិតក្នុងដំណាក់កាលតស៊ូ ប្រយុទ្ធប្រឆាំងជំងឺសកលកូវីដ១៩ រាជរដ្ឋាភិបាល ក្រោមការដឹកនាំផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រទេសយើងទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ តាមរយៈការគ្រប់គ្រងប្រកប ដោយការឈ្លាសវៃ ពិសេសការដាក់ចេញនូវយុទ្ធសាស្ត្រ នៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលធ្វើឲ្យគ្រប់គ្រងបានជំងឺកូវីដ-១៩ ឈានទៅបើកប្រទេសឡើងវិញ លើគ្រប់វិស័យ។ នេះពិតជាជោគជ័យដ៏ធំធេងរបស់កម្ពុជា លើសមរភូមិប្រយុទ្ធប្រឆាំងជំងឺជាសកលកូវីដ-១៩ ដែលជាសមរភូមិប្រយុទ្ធដ៏ លំបាកស្មុគស្មាញបំផុត ជាមួយសត្រូវគ្មានស្រមោល គ្មានរូបរាងគ្រប់វិនាទី អាចទាញយកប្រទេស និងប្រជាជនឱ្យធ្លាក់ចូលទៅក្នុង គ្រោះហានិភ័យ ហើយនេះ គឺជាសមិទ្ធិផលជាប្រវត្តិសាស្ត្រដ៏ធំធេងថ្មីមួយទៀត ក្នុងចំណោមបណ្ដាសមិទ្ធិផលធំៗជាច្រើនក្នុងរយៈពេលជាង៤៣ឆ្នាំនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។

លោក ចាប ច័ន្ទវិទ្យា បានបន្តថា ក្នុងស្ថានភាពជួបវិបត្តិជំងឺកូវីដ-១៩ ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុក ឃុំ ភូមិ បានសហការជាមួយអាជ្ញាធរគ្រប់ថ្នាក់បានយកចិត្តទុកដាក់គ្រប់សកម្មភាពនៅមូលដ្ឋាន អប់រំនយោបាយ សតិអារម្មណ៍ ដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ពិសេសកិច្ចការជាអាទិភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងអប់រំបំផុសចលនាឲ្យមានការចូលរួមចាក់វ៉ាក់សាំង ដោយស្មារតីភ្ញាក់រលឹក និងបន្តសកម្មភាពចិញ្ចឹមចលនា ដោយបានចុះសាកសួរសុខទុក្ខ ជួយឧបត្ថម្ភ ថវិកា សម្ភារៈ ដល់គ្រួសារក្រីក្រ និងស្ត្រីសំរាលកូន គ្រួសារសព និងជនងាយរងគ្រោះជួបហានិភ័យ ដោះស្រាយបញ្ហាប្រឈម និងចូលរួមការកសាងរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅមូលដ្ឋានឃុំ ភូមិ។

ទាក់ទងការងារគណបក្សលោកអភិបាលស្រុកបានលើកឡើងថា គណបក្សស្រុក បានសហការជាមួយក្រុមការងារត្រៀមលក្ខណៈ រៀបចំយ៉ាងហ្មត់ចត់នូវកិច្ចការ នានា សម្រាប់ឈានទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ធានាសម្រេចបានជោគជ័យ (សមាជិក១នាក់សំលេងគាំទ្រ១សន្លឹក) ដើម្បីគណបក្សប្រជាជនកម្ពុជាដឹកនាំគ្រប់ឃុំ ទូទាំងស្រុក។ ដើម្បីសម្រេចគោលដៅនេះទោះបីជួបបញ្ហាប្រឈមនានាដោយសារការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ ក៏យើងបានពុះពារសម្រេចបាន នូវគ្រប់ការងារសំខាន់ៗបម្រើឲ្យការបោះឆ្នោត ដូចជា ការលើកកម្ពស់ប្រសិទ្ធិភាពនៃការដឹកនាំគ្រប់គ្រង ដោយបន្តកសាងពង្រឹងរចនាសម្ព័ន្ធ អង្គការចាត់តាំង និងរបៀបរបបការងារពង្រឹងការគ្រប់គ្រងកសាងពង្រីកសមាជិកថ្មី និងកម្លាំងគាំទ្រគណបក្សនៅមូលដ្ឋាន ព្រមទាំងបាន ដឹកនាំ និងលើកទឹកចិត្តសមាជិកគណបក្ស ទៅពិនិត្យ និងចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឆ្នាំ២០២១។

សូមជម្រាបជូនផងដែរថា ប្រជាពលរដ្ឋទូទាំងស្រុកលើកដែកនេះ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ សរុប ៣៦,៤០៧ នាក់ ក្នុងនោះមានសមាជិកគណបក្សចំនួន ២៤,៧៨៥ នាក់ (សមាជិកថ្មីដែលនឹងត្រូវបំពេញបន្ថែមមានចំនួន ៧៨១ នាក់ ) សរុបរួម ២៥,៥៦៦នាក់ស្មើ ៧០,២២%៕