កសិកម្មជាអាយុជីវិតរបស់យើង មានកសិផល មានសន្តិសុខស្បៀង (អង្ករច្រកឆ្នាំង) មានពាណិជ្ជកម្មកសិផល មានឧស្សាហកម្មកសិផល និងមានចរន្តសេដ្ឋកិច្ចដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសយើងឈានឆ្ពោះ ទៅកាន់ការអភិវឌ្ឍ


នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំង ខេត្តត្បូងឃ្មុំ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ កម្មការីនី ចំការកៅស៊ូពាមជាំង ប្រមាណជាង ៨០០នាក់ នៅព្រឹកថ្ងៃអាទិត្យ​ ២កេីត​ ខែចែត្រ​ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី៣ ខែមេសា​ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រ័ត្ន វិរៈ ប្រធានលេខាធិការដ្ឋាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ លោក លោកស្រី សមាជិក សមាជិកា និង តំណាងក្រុមហ៊ុនចំការកៅស៊ូពាមជាំងជាច្រើនរូបទៀត។ ឯកឧត្តមប្រធានក្រុមការងារ បានលើកឡើងថា បច្ចុប្បន្នវិស័យកសិកម្មកម្ពុជា គឺជាវិស័យអាទិភាពដែលធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ ជាក់ស្តែងនៅក្នុងអំឡុងពេលដែលកម្ពុជា និងពិភពលោកទទួលរងនូវវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ រហូតត្រូវបិទខ្ទប់ប្រទេស វិស័យផ្សេងៗ មិនមានភាពសកម្មភាព ប៉ុន្តែវិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀង (ក្នុងនោះគឺតម្រូវការ សាច់សត្វ និងបន្លែ ) សុខមាលភាពប្រជាពលរដ្ឋ និងរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារសកម្មភាពសេដ្ឋកិច្ចឡើងវិញ នៅពេលបើកប្រទេសដំណើរការឡើងវិញ។
ឯកឧត្តមប្រធានក៏បានលើកឡើងនូវអនុសាសន៍គន្លឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នេះថា « ត្រូវបន្តបង្កើនផលិតភាពដំណាំកៅស៊ូធម្មជាតិ ពង្រឹង និងពង្រីកសហគមន៍កសិករកៅស៊ូគ្រួសារ ដើម្បីបង្កើនកាលានុវត្តភាពក្នុងការការពារផលប្រយោជន៍កសិករ ជំរុញវិនិយោគលើការកែច្នៃផលិតផលកៅស៊ូ ព្រមទាំងជំរុញការអនុវត្តផែនការ យុទ្ធសាស្រ្ត អភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្នាំ២០៣០ សំដៅពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍដំណាំកៅស៊ូកម្ពុជាប្រកបដោយចីរភាព។» ដែលបង្ហាញអំពី ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់លើវិស័យកៅស៊ូនៅកម្ពុជា ។
ឯកឧត្តម បន្តថាដើម្បីបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម ឱ្យមាន លក្ខណៈ ទំនើប ឆ្លើយតបទៅនឹងបរិការណ៍ប្រែប្រួល សេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងវិបត្តិសកលពីជំងឺកូវី-១៩ ធានាចីរភាពផលិតផល សរុបក្នុងស្រុក ជាពិសេសកែប្រែឥរិយាបថប្រជាកសិករពី “ការធ្វើកសិកម្មដើម្បីចិញ្ចឹមឆ្នាំង” ទៅជា “ការធ្វើកសិកម្មសម្រាប់ពាណិជ្ជកម្ម” គឺ “ការប្រែក្លាយកសិករទៅជាកសិសហគ្រិន”។ជាក់ស្តែង ស្រុកអូររាំងឪយើង ក្រៅពីសក្តានុពល ដំណាំកៅស៊ូ យើងក៏មានដំណាំកសិកម្មហូបផ្លែជាច្រើន ជាពិសេសដំណាំ«ចេកលឿង» នៅលើផ្ទៃដីប្រមាណ ២៤៨ ហិកតា ដែលធ្វើការនាំចេញទៅប្រទេសចិន ប្រមាណ ៩០តោនជារៀងរាល់ខែ ផ្តល់ការងារធ្វើជូនអ្នកស្រុកអូររាំងឪយើងប្រមាណ ៥០០នាក់។នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានក៏បានប្រកាសឧបត្ថម្ភថវិកាមួយចំនួនដល់ ឃុំទាំង៧នៅទូទាំងស្រុក និងវិទ្យាល័យអូររាំងឪ នូវថវិកាសម្រាប់ការរៀបចំ សង្ក្រានឆ្នាំថ្មី នៅពេលខាងមុខនេះផងដែរ៕