ក្រុមប្រឹក្សាសកម្មភាពជនពិការបើកសិក្ខាសាលាពង្រឹងស្មារតីក្រុមមន្ត្រី


ក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) បានបើកសិក្ខាសាលារយៈពេល ២ថ្ងៃ ដើម្បីបង្កើនប្រសិទ្ឋិភាពការ​អនុវត្តផែនការ​យុទ្ឋសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ឲ្យមានសន្ទុះទៅមុខនិង​សម្រេច​លទ្ឋ​ផលឲ្យបានល្អប្រសើរ។
សិក្ខាសាលាពង្រឹងស្មារតីមន្ត្រីនេះធ្វើចាប់ពីថ្ងៃទី៤ និង៥ ខែមេសា ឆ្នាំ២០២២ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ក្រោមការដឹកនាំដោយរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា។
ការរៀបចំកិច្ចប្រជុំនាពេលនេះ គឺបន្ទាប់ពីមានការណែនាំពីសំណាក់ លោក ឯម ច័ន្ទមករា នៅក្នុងកិច្ចប្រជុំផ្ទៃក្នុង ដែលបានធ្វើ​នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅក្រសួងសង្គមកិច្ច អតីតយុទ្ឋជន​និងយុវនិតិ​សម្បទា តម្រូវឲ្យទីប្រឹក្សាយុទ្ឋសាស្ត្រនិងបរិយាបន្នពិការភាព លោក ស្រី វណ្ណថុន ជួយរៀបចំសិក្ខាសាលារយៈពេល ២ថ្ងៃ ដើម្បី ពង្រឹងស្មារតីធ្វើការជាក្រុម (teamwork) របស់ក្រុមការងារផង និងដើម្បីបង្កើនប្រសិទ្ឋិភាពការ​អនុវត្តផែនការ​យុទ្ឋសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ដែលកំពុងមាន​ភាព​យឺតយ៉ាវឲ្យមានសន្ទុះទៅមុខនិង​សម្រេច​លទ្ឋ​ផលឲ្យបានល្អប្រសើរ។
ការរៀបចំសិក្ខាសាលារយៈពេល ២ថ្ងៃនេះ ត្រូវបានរៀបចំដោយគិតគូរយ៉ាងប្រុង​បប្រយ័ត្នអំពីវិធីសាស្ត្រ ដែលទីប្រឹក្សាធ្លាប់មានបទពិសោធន៍ក្រាស់ក្រែលក្នុងការងារធនធានមនុស្ស និងបណ្តុះភាព​ដឹកនាំអស់រយៈពេលជាង២០ឆ្នាំកន្លងមក។ វិធីសាស្ត្របានគិតគូរ ដើម្បីធានាមិនឲ្យមានការប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់បុគ្គលគ្រប់រូប និងទាញយកការចូលរួមដ៏ពេញលេញ។
កម្ពុជាក៏ដូចនៅប្រទេសនានាលើពិភពលោក អង្គភាពរដ្ឋ និងឯកជន ទាំងអស់សុទ្ឋតែមាន​តួនាទី​និងភារកិច្ចធ្វើបរិយាបន្នពិការភាពទៅក្នុងវិស័យរបស់ខ្លួន។
អង្គភាពនិងស្ថាប័នទាំងអស់នោះ រួមចំណែក​អនុវត្តសម្រេចផែនការយុទ្ឋសាស្ត្រជាតិស្តីពីពិការភាព (បច្ចុប្បន្នជាផែនការសម្រាប់រយៈពេល៥ឆ្នាំ គិតពីឆ្នាំ​២០១៩ ដល់២០២៣) ក្នុងគោលដៅអនុវត្តប្រកបដោយប្រសិទ្ឋភាព គោលនយោបាយ និង​ច្បាប់ជាតិ​និង​អន្តរជាតិស្តីពីសិទ្ឋិរបស់ជនមានពិការភាព។
ក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) ត្រូវបានបង្កើតក្នុងគោលបំណងសម្របសម្រួលនិងផ្តល់​ប្រឹក្សា​​យោបល់​​អំពីពិការភាព ដល់បណ្តាអង្គភាព ស្ថាប័នអនុវត្តទាំងអស់ ដើម្បីរួមសហការគ្នាឆ្លើយតប​បញ្ហា​ពិការភាព​តាម​ជំនាញរបស់ខ្លួន ក្នុងវិធីបរិយាបន្នដ៏ត្រឹមត្រូវ ដែលធានាបាននូវការចូលរួមពេញលេញ​និងមានការ​គោរពសិទ្ឋិ​មនុស្ស។
ក.ស.ជ. មាននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ​ ហ៊ុន សែន ជាប្រធានកិត្តិយស និងមានរដ្ឋមន្ត្រីនៃក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា (បច្ចុប្បន្ន គឺលោករដ្ឋមន្ត្រី វង សូត) ជាប្រធាន រួមជាមួយសមាជិក ដែលជាឧត្តមមន្ត្រីតំណាងគ្រប់វិស័យ។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (អ.ក.ស.ជ.) ត្រូវបានបង្កើតឡើង ដើម្បីប្រតិបត្តិកិច្ចការប្រចាំថ្ងៃ ធ្វើសកម្មភាពជាក់ស្តែង សម្របសម្រួលនិងផ្តល់​ប្រឹក្សា​​យោបល់​​អំពីពិការភាព ដល់បណ្តាអង្គភាព ស្ថាប័នអនុវត្តទាំងអស់ ដូចបានកំណត់ក្នុងអនុក្រិត្យលេខ ២១៦ អនក្រ.បក ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃ​ក្រុមប្រឹក្សាសកម្មភាពជនពិការ។
អ.ក.ស.ជ. ដឹកនាំដោយ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ និងជារដ្ឋលេខាធិការរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា ដោយមានអគ្គលេខាធិការ​រង​ចំនួន ៥រូបទទួលបន្ទុកគ្រប់គ្រងបច្ចេកទេសមាន៖ (១) ផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ (២) ផ្នែកសិទ្ឋិជនពិការ (៣) ផ្នែកស្តារលទ្ឋភាពពលកម្មនិងសុខមាលភាពជនពិការ (៤) ផ្នែកសមាហរណកម្ម​ជនពិការ និង (៥) ផ្នែកអភិវឌ្ឍសេវាពិការភាព។
ចាប់តាំងពីឆ្នាំ២០១៩ ពេលផែនការយុទ្ឋសាស្ត្រ​ជាតិស្តីពីពិការភាព ២០១៩-២០២៣ ទើបនឹងចាប់ផ្តើម អង្គភាពទទួលរងការវាយលុកពីសំណាក់មេរោគកូវីដ-១៩ ធ្វើឲ្យសកម្មភាពរបស់ផ្នែកទាំង៥ បានទទួលរងនូវឥទ្ឋិពលអវិជ្ជមានមួយចំនួន។
ប៉ុន្តែ ទោះជាយ៉ាងនេះក្តី លទ្ឋផលសម្រេចបានក្នុងឆ្នាំ២០២១ របស់ អ.ក.ស.ជ. គឺជាមោទនភាព និងជាមេរៀនដែល​បង្ហាញអំពី​សារៈ​សំខាន់នៃការពង្រឹងស្មារតីនិងការធ្វើការជាក្រុម (teamwork) សំដៅបង្កើន ឲ្យកាន់តែខ្លាំងនូវការសហការ​ជួយបំពេញឲ្យគ្នាទៅវិញទៅមក របស់ផ្នែកទាំងប្រាំ៕