ពិធីប្រគល់សមិទ្ធផលនានាដែលបានដោះស្រាយបញ្ចប់រួចរាល់តាមគោលនយោបាយឈ្នះឈ្នះ ជូនប្រជាពលរដ្ឋនៅចំណុចបឹង៧៥


(បន្ទាយមានជ័យ) ថ្ងៃច័ន្ទ ៣ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់សមិទ្ធផលនានាដែលបានដោះស្រាយបញ្ចប់រួចរាល់តាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនប្រជាពលរដ្ឋនៅចំណុចបឹង៧៥ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួមដំណើរដោយឯកឧត្តមឌៀង សារ៉ាន់ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី លោកយ៉ាងគឹម ហ៊ុយអនុប្រធានក្រុមការងារអភិវឌ្ឍន៍តំបឹងបឹជង្រុកតេជោឈ្នះឈ្នះឈ្នះ ដែលមានការចូលរួមពីឯកឧត្តមនាយឧត្តមសេនីយ៍សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តមខេង ស៊ំប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ទោសេង ធារិនមេបញ្ជាការរងយោធាភូមិភាគ៥ លោកលី សារឿនតំណាងក្រុមគ្រួសារលោកឧកញ៉ាលី អ៊ុតនី និងថ្នាក់ដឹកដឹកនាំខេត្តមេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីជុំវិញខេត្តនិងប្រជាពលរដ្ឋសរុបជាង១២០០គ្រួសារ។
សូមបញ្ជាក់ថា ចំណុចបឹង៧៥ គឺជាតំបន់ដែលមានទំនាស់ដីធ្លីរាំរ៉ៃជាង១០ឆ្នាំមកហើយ ដោយមានការចូលដោះស្រាយ ពីក្រុមការងារនាយកខុទ្ទកាល័យសម្តេចតេជោ ដឹកនាំផ្ទាល់ដោយ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ កងកម្លាំងចម្រុះ តាមគោលនយបាយឈ្នះឈ្នះ តំបន់នេះបានប្រែក្លាយ និងកំពុងអភិវឌ្ឍន៍ រីកចម្រើនគួរកត់សំគាល់។
នយោបាយឈ្នះឈ្នះដែលជាមរតកមិនអាចកាត់ថ្លៃបាន ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នេះរីករាយសាទរ និងថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋទូទៅ មិនប្រកាន់និន្នាការនយោបាយឡើយ។