(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានស្នើឲ្យមន្ត្រីជំនាញទាំងអស់ កងកម្លាំងប្រដាប់អាវុធ រួមគ្នាផ្សព្វផ្សាយអប់រំណែនាំដល់ប្រជានេសាទគ្រប់រូបឲ្យចេះរក្សាចេះស្រឡាញ់ធនធានធម្មជាតិ ដើម្បីរក្សាជានិរន្តរ៍។
ឯកឧត្តម ងួន រតនៈ បានថ្លែងក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំង អភិបាលក្រុងស្រុក។
ឯកឧត្តមបានបន្តថា រាល់ថ្ងៃនេះប្រជានេសាទតែងតែរកលៀសនៅកន្លែងអភិរក្សតែបើពួកគាត់នេសាទដោយដៃអាចរកបាន តែបើប្រើម៉ាស៊ីននឹងគ្រឿងម៉ាស៊ីនគឺមិនអនុញ្ញាតិឡើយព្រោះវាខុសច្បាប់។ មួយវិញទៀតសមត្ថកិច្ច និងមន្ត្រីជំនាញត្រូវមានវិធានការជាមួយជនល្មើសនេសាទខុសច្បាប់ចាត់ការជនទាំងអស់ឱ្យឆាប់បាន។
សមត្ថកិច្ច និងមន្ត្រីជំនាញទាំងអស់ត្រូវមានវិធានការ ណែនាំដល់បងប្អូនប្រជាពលរដ្ឋនេសាទទាំងអស់ ចេះគោរពច្បាប់ ចេះស្រលាញ់ធនធានធម្មជាតិ បើមានករណីមិនរាងចាលទេយើងចាត់ការផ្លូវតាមផ្លូវច្បាប់ ហើយសមត្ថកិច្ច និងមន្ត្រីជំនាញទាំងអស់ទៅស្រាវជ្រាវរកកន្លែងទីតាំងដែលបានផលិតឧបករណ៍នេសាទខុសច្បាប់ រួចធ្វើការបង្ក្រាបតែម្ដង។
ឯកឧត្តមបានបន្តទៀតថា «រាល់ថ្ងៃនេះយើងសង្កេតឃើញថាប្រជានេសាទទាំងអស់បានយកទីតាំងអូរជាកម្មសិទ្ធិរបស់ខ្លួនដោយដាក់រនាំង ឬស្សីឈើ អួនក្រឡាញឹក ប្រើប្រាស់ដោយខុសច្បាប់ដូច្នេះ ហើយមន្ត្រីជំនាញត្រូវអនុវត្តឲ្យខានតែបាន»។
ដោយឡែក ចំពោះចំណុចតំបន់៣ និងតំបន់ហាមឃាត់ជុំវិញបឹងទន្លេសាប គឺមិនមានការអនុញ្ញាតសុំច្បាប់ស្តារបឹងបួរ ប្រព័ន្ធប្រឡាយទឹកគឺបញ្ឈប់ទាំងអស់សូមមន្ត្រីជំនាញ និងសមត្ថកិច្ច ជាពិសេសអាជ្ញាធរស្រុកក្រុង ត្រូវតែមើល ពិនិត្យឲ្យល្អិតល្អន់។
ចុងក្រោយឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់លើបញ្ហាសុំច្បាប់ការឈូសឆាយដីព្រៃ ដីរដ្ឋទាំងដីព្រៃលិចទឹកនិងដីគម្របព្រៃគឺមិនអនុញ្ញាតឲ្យឈូសឆាយទៀតទេ ប្រសិនមានស្រុកណាចេញលិខិតឲ្យឈូសឆាយត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់៕