ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញផ្ទេរ-ប្រគល់សមិទ្ធផលគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី១ និងការបើកគម្រោងថ្មីដំណាក់កាលទី២


(បាត់ដំបង)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញផ្ទេរ-ប្រគល់សមិទ្ធផលគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី១ និងការបើកគម្រោងថ្មីដំណាក់កាលទី២ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមសម្តែងនូវការត្រេកអរជាមួយបងប្អូនប្រជាពលរដ្ឋក្នុងស្រុកសំទ្បូត ក៏ដូចជាប្រជាជនយើងនៅទូទាំងខេត្តបាត់ដំបង ប៉ៃលិន និងពោធិ៍សាត់ ចំពោះការទទួលបាននូវសមិទ្ធផល ក្រោមគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ចំនួន៤ គម្រោងក្នុងដំណាក់កាលទី១នេះ ដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំឆ្នាំ២០២២នេះ រួមមាន៖

*ការរំដោះផ្ទៃដីចម្ការមីន/គ្រាប់បានចំនួនជាង ០២ ម៉ឺនហិកតា ដោយកម្ទេចគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះគ្រប់ប្រភេទបានប្រមាណជាង១២ម៉ឺនគ្រាប់
*ការឆ្លើយតបនឹងសំណើពីអាជ្ញាធរមូលដ្ឋាន និងសហគមន៍បានប្រមាណជាង៥ពាន់សំណើ និងបានផ្តល់ការអប់រំយល់ដឹងអំពីមីនដល់ប្រជាពលរដ្ឋបានប្រមាណជាង ២៩ម៉ឺននាក់
*ការសាងសង់ផ្លូវជនបទចំនួន ៣២ខែ្ស មានប្រវែងសរុបប្រមាណ ១១៥ គីទ្បូម៉ែត្រ, សំណង់បង្ហូរទឹកគ្រប់ប្រភេទបានចំនួន ២១៩ កន្លែង, ស្រះទឹកសហគមន៍ចំនួន ០៥ កន្លែង, ស្ពានបេតុងចំនួន ០៥ កន្លែង, ផ្សារសហគមន៍ ០១ កន្លែង និងជួយរៀបចំដីកសិកម្មជូនប្រជាពលរដ្ឋបានចំនួន ៤៩៤ ហិកតា
*ប្រជាពលរដ្ឋបានទទួលផលផ្ទាល់ និងប្រយោលពីគម្រោងទាំង៤នេះ មានចំនួនជិត ១៣ម៉ឺនគ្រួសារសើ្មនឹងជិត ៤៧ម៉ឺននាក់។

ឯកឧត្តមឧត្តមសេនីយ៍មេបញ្ជាការ បានលើកឡើងទៀតថា «អរគុណសន្តិភាព» គឺមានន័យថា ជាការប្រែក្លាយពីស្ថានភាពសង្រ្គាមដែលបង្កនូវវិនាសកម្ម និងសោកដនាកម្មដល់ប្រជាពលរដ្ឋ ឱ្យទៅជាស្ថានភាពភាពនៃការរស់រានមានជីវិត និងភាពសកម្មរស់រវើក ទាំងផ្នែកសេដ្ឋកិច្ច-សង្គម ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងការរីកចម្រើនរុងរឿងថ្កើនថ្កានដល់ជាតិ និងប្រជាជន។ ជាក់ស្តែង នៅក្នុងស្រុកសំឡូតនេះផ្ទាល់ ដែលធ្លាប់ឆ្លងកាត់ផ្ទាល់នូវដំណាក់កាល នៃប្រវត្តិសាស្ត្រ ដែលពោរពេញដោយការបំផ្លិចបំផ្លាញ និងវិនាសកម្មបង្កឡើងដោយសង្គ្រាម ប៉ុន្តែសព្វថ្ងៃតំបន់អតីតសមរភូមិមួយនេះ ដែលពីមុនពោរពេញដោយផ្ទៃដីចម្ការមីនដ៏គ្រោះថ្នាក់ បានប្រែមុខមាត់ និងក្លាយមកជាតំបន់អភិវឌ្ឍប្រកបដោយសក្តានុពល ហើយប្រជាពលរដ្ឋអាចរស់នៅ និងប្រកបការងារគ្រប់មុខរបរ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រកបដោយសេចក្តីសុខសុភមង្គល។

«សមិទ្ធផល ដែលយើងកំពុងចូលរួមអបអរសាទរនាពេលនេះ គឺមិនអាចកើតមានឡើងដោយចៃដន្យនោះឡើយ ពិតណាស់ទាំងនេះ គឺជាពរជ័យនៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពទឹកដី ដោយក្នុងដំណាក់កាលនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកជីវិតជាដើមទុនអញ្ជើញចុះមកផ្ទាល់នៅក្នុងតំបន់សំឡូតនេះក្នុងឆ្នាំ១៩៩៦ ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយ បញ្ចប់សង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរ និងផ្តល់ភាពសុខសាន្តជូនប្រជាជន»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

ឯកឧត្តមសូមអរគុណចំពោះរាជរដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលបានជួយកម្ពុជារហូតមក ទាំងការចូលរួមក្នុងដំណើរការស្វែងរក និងថែរក្សាសន្តិភាព ព្រមទាំងការស្តារ និងអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ ជាពិសេសការខិតខំចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដើម្បីលុបបំបាត់ការគំរាមកំហែង ផ្តល់ក្តីសង្ឃឹម និងកសាងទ្បើងវិញនូវអនាគតដ៏រុងរឿងរបស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ ក៏សូមវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកស៊ីម៉ាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនរហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ដោយក្រៅពីប្រតិបត្តិការនៅក្នុងប្រទេស អង្គភាពបានចូលរួមយ៉ាងសកម្មនៅក្នុងការបង្ហាត់បង្រៀន និងចែករំលែកបទពិសោធន៍នៅក្នុងសហគមន៍អន្តរជាតិផងដែរ៕