ឯកឧត្តម ហ៊ុន ម៉ានី៖ មិត្តភាពរវាងកម្ពុជា-ចិន បាននិងកំពុងបន្តយ៉ាងស្អិតល្មួតលើគ្រប់វិស័យ


(កំពង់ស្ពឺ)៖ ក្នុងឱកាសសម្ពោធជាផ្លូវការនូវអគារចំនួន២ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានឱ្យដឹងថា មិត្តភាពរវាងកម្ពុជា-ចិន បាននិងកំពុងបន្តយ៉ាងស្អិតល្មួតលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល វិស័យអប់រំ រួមជាមួយហេដ្ឋារចនាសម្ពន្ធទូទាំងប្រទេស។

ឯកឧត្តម ហ៊ុន ម៉ានី បានរំឭកពីសាវតាដែលមានឲ្យមានការសាងសង់ថា ផ្ដើមចេញពីការចុះជួបសំណេះសំណាលរបស់លោកជាមួយលោកលោកស្រីវេជ្ជបណ្ឌិត និងមន្ត្រីបុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺនេះផ្ទាល់តែម្ដង កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ដែលពេលនោះតាមរយៈរបាយការណ៍របស់លោកប្រធានមន្ទីរពេទ្យបង្អែក និងការចុះពិនិត្យជាក់ស្តែងដល់អគារសម្ភព ឃើញថាជាមន្ទីរពេទ្យបង្អែកខេត្ត ពិតជាមានការខ្វះខាតជាផ្នែក សម្ភពពិតប្រាកដមែន ជាពិសេសបន្ទប់រង់ចាំសម្រាល និងក្រោយសម្រាល។

លើសពីនេះទៅទៀត គឺបន្ទប់វះកាត់សម្រាល ដែលត្រូវដាក់រួមគ្នាជាមួយនឹងបន្ទប់វះកាត់ទូទៅ ក្នុងនោះដោយសារទីធ្លាអគារសម្ភពទាំងមូលមានលក្ខណៈតូចចង្អៀតដាក់គ្រែក៏បានតិច ហើយប្រជាពលរដ្ឋមកទទួលសេវាផ្នែក សម្ភពនេះកាន់តែច្រើនដែលពិបាក រកទីកន្លែងសមរម្យនៅក្នុងការអង្គុយរង់ចាំ។

ឯកឧត្តមតំណាងរាស្ត្របានបន្ថែមទៀតថា ឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះ និងក្រុមការងារ ក៏បានខិតខំស្វះស្វែងកៀរគរប្រភពថវិកា ដើម្បីចូលរួមឆ្លើយតបជាមួយតម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះដែរ ចំពោះមូលហេតុនៃការកសាងអគារអន្តេវាសិកនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានកើតចេញពីការជួបសំណេះសំណាល និងពិនិត្យការរៀន និងបង្រៀន នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល វិជ្ជាជីវៈខេត្តកំពង់ស្ពឺ ក្នុងឱកាសនៃទិវារំលឹកគុណគ្រូ កាលពីថ្ងៃ៥ ខែតុលា ឆ្នាំ២០១៧ ដែលក្នុងនោះលោកបានសំណូមពរពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សនៃមជ្ឈមណ្ឌលនេះដើម្បីសាងសង់អគារស្នាក់នៅសម្រាប់គ្រូ និងសិស្សដែលមានជីវភាពខ្វះខាត រៀនសូត្រជំនាញបច្ចេកទេសវិជ្ជាជីវៈ។

ឯកឧត្តមតំណាងរាស្ត្របញ្ជាក់ថា តាមរយៈការពិនិត្យជាក់ស្ដែងនៅទីតាំង ពិតជាឃើញមានការលំបាកមួយចំនួនសម្រាប់ការស្នាក់នៅរបស់គ្រូ និងសិស្ស ដោយហេតុថាអគារដែលមានស្រាប់មានសភាពទ្រុឌទ្រោម។ ឆ្លើយតបជាមួយនឹងសំណូមពរ រួមទាំងសមិទ្ធកម្មជាក់ស្តែង ទើបមានការលេចរូបរាងថ្មីនៃអគារអន្តេវាសិកស្របតាមតម្រូវការចាំបាច់ទាំងអស់នោះ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈឯកអគ្គរដ្ឋទូតចិនគ្រប់អាណត្តិដែលតែងតែបានផ្តល់ជាជំនួយសម្ភារៈ និងថវិកាសម្រាប់កសាងសមិទ្ធផលនានាជាច្រើន ដែលជាឧត្តមប្រយោជន៍ជូនដល់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ព្រមទាំងថ្លែងអំណរគុណដល់សប្បុរសជនគ្រប់រូប រួមទាំងក្រុមការងារទាំងអស់ផងដែរ៕