ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធ និងជនពិការជាង២០០នាក់ នៅខេត្តកំពង់ឆ្នាំង


(កំពង់ឆ្នាំង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ នឹងដំឡើងប្រាក់ខែជូនបងប្អូន អតីតយុទ្ធជនបន្ថែមទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងបែបនេះ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនពិការ ប្រភេទ.ក១.ក២ ចំនួនជាង២០០នាក់ នៅសាលានយោ បាយខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងថា ថ្ងៃនេះលោកបានពាំនាំនូវបណ្ដាំផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដល់បងប្អូនដែលជាអតីតយុទ្ធជនពិការ ប្រភេទក១. ក២ នៅទូទាំងខេត្តកំពង់ឆ្នាំង។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងទៅកាន់បងប្អូនអតីតយុទ្ធជនថា ដូចបងប្អូនទាំងអស់គ្នាបានដឹងស្រាប់ហើយថា ក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារបញ្ហាកូវីដ១៩។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ សេដ្ឋកិច្ចយើងបានងើបឡើងវិញជាបណ្ដើរៗហើយ ទាំងនេះគឺដោយសារតែការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន ខិតខំរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ទើបអាចទប់ស្កាត់ជំងឺកូវីដ១៩បាន និងធ្វើឲ្យសេដ្ឋកិច្ចបានកើនឡើងគួរកត់សម្គាល់។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ប្រទេសខ្លះមានប្រាក់ ក៏មិនប្រាកដថាអាចទិញវ៉ាក់សាំង មកចាក់ជូនពលរដ្ឋខ្លួនបានដែរ។ តែនេះដោយសារតែភាពឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងពីបរទេស ពិសេសប្រទេសជាមិត្តទើបមានវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ចាប់ពីដូសទី១ ទី២ ទី៣ និងខ្លះទៀតបានដល់ដូសទី៤ផងដែរ។ ដូច្នេះសូមបងប្អូន ចូលរួមថែរក្សាអនាម័យ និងអនុវត្តន៍នូវវិធានរបស់ក្រសួងសុខាភិបាល គឺ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។

នៅក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីប្រទេសជាតិ បានរួចផុតពីរបបប្រល័យពូជសាសន៍។ បើគ្មានបងប្អូនជាអតីតយុទ្ធជននោះទេ ក៏គ្មានថ្ងៃនេះ និងមានសុខសន្តិភាព និងការរីកចំរើនដូចថ្ងៃនេះដែរ។ ក្នុងនាមអភិបាលខេត្តកំពង់ឆ្នាំង លោកសូមប្ដេជ្ញាជួយលើកកម្ពស់ ជីវភាពបងប្អូនអតីតយុទ្ធជនកម្ពុជា ក្នុងខេត្តឲ្យបានល្អប្រសើរតាមរយៈសមាគមន៍ អតីតយុទ្ឋកម្ពុជាខេត្តកំពង់ឆ្នាំង។

នៅក្នុងពិធីនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានពាំនាំនូវអំណោយរបស់សម្ដេច ហ៊ុន សែន ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ឋជនពិការចំនួន២៤៦នាក់ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ២០គីឡូ, មី ១កេស, ត្រីខ១ យួរ, ទឹក ត្រី១យួ, ទឹកស៊ីអ៊ីវ១យួ, ម៉ាស់១ ប្រអប់ និងថវិការ១០ម៉ឺនរៀល។ ចំណែកលោកមេប៉ុស្តិ៍ និងមេឃុំទាំង៧២ឃុំ សង្កាត់ ក្នុងម្នាក់ៗទទួលបានថវិកា៥ ម៉ឺនរៀល៕