អភិបាលខេត្តកោះកុង ឲ្យអាជ្ញាធរគ្រប់មូលដ្ឋាន រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសុវត្តិភាពជូនភ្ញៀវជាតិ-អន្តរជាតិ នៃថ្ងៃបុណ្យចូលឆ្នាំថ្មី


(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំកោះកុងសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ គ.ស.២០២២ ដោយមានការចូលរួមមន្ត្រីរាជការគ្រប់បណ្តាអង្គភាពថ្ងៃទីទី៦ ខែមេសា ឆ្នាំ២០២២។

លោកជំទាវ មិថុនា ភូថង បានថ្លែងថា អាជ្ញាធរនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពជូនប្រជាពលរដ្ឋដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅសួនច្បារមុខសាលាខេត្ត បរិវេណវត្តទេពនិមិត្ត វត្តជោតញ្ញាណ និងឆ្នេរសមុទ្រប៉ាក់ខ្លង។

រដ្ឋបាលខេត្តកោះកុងបានរៀបចំបង្កើតសមាសភាពអនុគណៈកម្មការចំនួន៦ ក្នុងនោះរួមមាន អនុគណៈកម្មការសន្តិសុខសណ្តាប់ធ្នាប់ អនុគណៈកម្មការរៀបចំតុបតែងកោះកុងសង្ក្រាន្ត អនុគណៈកម្មការល្បែងប្រជាប្រិយ អនុគណៈកម្មការស្រង់ម្ហូបអាហារ ពិពណ៍ និងការប្រគំតន្ត្រី អនុគណៈកម្មការទទួលបន្ទុកកិច្ចការចំណូលចំណាយ ព្រមទាំងអនុគណៈកម្មការពិធីការផ្នែកសាសនា។ អនុគណៈកម្មការទងអស់ត្រូវអនុវត្តតាមតួនាទី និងភារកិច្ច ធ្វើយ៉ាងណាឱ្យកោះកុងសង្ក្រាន្ត ទទួលបានលទ្ធផលល្អប្រសើរ និងទាក់ទាញការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋឱ្យបានច្រើនកុះករ ព្រមទាំងរក្សាបាន។

លោកជំទាវបានបញ្ជាក់ថា «អ្វីដែលសំខាន់នោះ យើងត្រូវធ្វើការផ្សព្វផ្សាយឲ្យទូលំទូលាយនូវគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩»