ថ្នាក់ដឹកនាំក្រសួងការងារ នាំយកអំណោយចែកជូនទាហាន នៅកងពលតូចអន្តរាគន៍លេខ៧ ខេត្តព្រះវិហារ


(ព្រះវិហារ)៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូរបស់ក្រសួងចុះសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគន៍លេខ៧ នៅទីបញ្ជាការកងពលភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តម អ៊ិត សំហេង បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហាន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជា។

ពិធីសំណេះសំណាលនេះ គឺស្ថិតក្នុងស្ថានភាពនៃសភាពការណ៍របស់ប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អ ក្រោមការដឹកនាំរបស់សមេ្តចតេជោយករដ្ឋមន្រ្តី។ ជាមួយគ្នានេះ ការចងក្រងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ការផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ គឺជាកាតព្វកិច្វរបស់យើងគ្រប់គ្នា តាមពាក្យស្លោក «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»

ឯកឧត្តម អ៊ិត សំហេង ក៏បានលើកឡើងពីវឌ្ឍនភាពមួយចំនួនរបស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ទាំងអស់គ្នា ក្រោមម្លប់សន្តិភាព និងការបង្រួបបង្រួមជាតិជាកម្លាំងតែមួយ ស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលអាចដោះស្រាយបាននូវវិបត្តិធំៗនៅចំពោះមុខ តួយ៉ាងដូចជាវិបត្តិជាសកលជំងឺកូវីដ-១៩ ដែលកម្ពុជាមានសមត្ថភាពអាចគ្រប់គ្រងនូវវិបត្តិនេះដោយជោគជ័យ មានឱកាសកសាងបាននូវហេដ្ឋារចនាសម្ពន្ធរូបវន្តរបស់ជាតិ ពិសេសពលរដ្ឋមានជីវភាពធូរធាជាលំដាប់។

នាឱកាសនោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំមកនូវអំណោយក្នុងនាមសមេ្តចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ផ្តល់ជូនដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៧ រួមមាន តំណាងកងពលធំលេខ៣ ថវិកា១លានរៀល, មេបញ្ជាការកងពលតូចលេខ៧ ថវិកា១លានរៀល, មេបញ្ជាការរងកងពលតូចលេខ៧ ថវិកា១៥ម៉ឺនរៀល/នាក់, នាយរងសេនាធិការកងពលតូចលេខ៧ ថវិកា១៥ម៉ឺនរៀល/នាក់, មេបញ្ជាការវរសេនាតូច ថវិកា៤០ម៉ឺនរៀល/នាក់, មេបញ្ជាការរងវរសេនាតូច ថវិកា១៥ម៉ឺនរៀល/នាក់, យុទ្ធជន១,៤០០នាក់ ម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល, ត្រីខ២កំប៉ុង, សាប៊ូ២ដុំ, និងម៉ាស់ក្រណាត់៣ម៉ាស់។

សម្រាប់កងពលតូចអន្តរាគមន៍លេខ៧ រួមមាន ថវិកាសាងសង់សាលប្រជុំ៤០លានរៀល, សង្កសី២ពាន់សន្លឹក, ប្រេង១ពាន់លីត្រ, មី៣០០កេស, ទឹកពិសាបរិសុទ្ធ២០០កេស, ស្រាបៀរ២០០កេស, ទឹកក្រូច១៥០កេស, ត្រីងៀត១០០គីឡូក្រាម, ផ្អក៥០គីឡូក្រាម, ត្រីខកំប៉ុង៤០កេស, ទឹកស៊ីអ៉ីវ៥៤យួរ, អង្ករ២បាវ, ម៉ាស់១៥,០០០ម៉ាស់, សាប៊ូ១០កេស, តេស្តរហ័សកូវីដ២៥០ឈុត, ទឹកសម្លាប់មេរោគចំណុះ២០លីត្រ ១០ធុង និងចំណុះ៥០០មីលីលីត្រ ១០កេស៕