ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅឃុំទូកមាស ស្រុកបន្ទាយមាស នៅខេត្តកំពត


(កំពត)៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ(គណៈកម្មការទី១០) និងជាអ្នកនាំពាក្យព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ស្ថិតនៅក្នុងឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២

សមិទ្ធផលទាំងនោះមាន៖ ផ្លូវថ្នល់ក្រាលគ្រួសក្រហម០១ខ្សែ ដែលមានប្រវែងទទឹង 6m x 2000m សាលាឆទាន ០១ខ្នង មានទំហំ15m x 20m ស្រះទឹក០១ 40m x 100m និងលូទឹកឆ្លងកាត់អូរ 50m ចំណាយអស់ថវិកាសរុបចំនួន ២០៧,១៩៤,០០០រៀល(ពីររយប្រាំពីរលាន ដប់ប្រាំបួនម៉ឺនបួនពាន់រៀល) ចាប់ផ្តើមសាងសង់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ហើយការសាងសង់បានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍បន្តថា ប្រទេសជាតិយើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ធ្វើប្រទេសជាតិនូវសុខសន្តិភាព និងមានការអភិវឌ្ឍឥតឈប់ឈរ ទោះបីស្ថិតក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រជាជនមានការសប្បាយរីករាយជាមួយសមិទ្ធផលជាច្រើន ជាអាទិ៍៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ស្ពាន លូទឹកឆ្លងកាត់អូរ ទន្លេ ដែលជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ នឹងមានការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដូចនេះសូមអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការបោះឆ្នោតនេះ។

ឯកឧត្តមបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋឱ្យរស់នៅឆ្ងាយពីគ្រឿងញៀន ហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តយកចិត្តទុកដាក់លើតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ព្រមទាំងបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីការពារផលប្រយោជន៍ និងសុវត្ថិភាព ជូនប្រ ជាពលរដ្ឋឱ្យបានល្អ ។

បន្ថែមពីលើនេះ ឯកឧត្តម ម៉ម ប៊ុននាង បានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ថែរក្សាសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និងសូមទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពសុខភាពយើងទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ម ប៊ុននាង និងស្រី បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគ វេរប្រគេនដល់ព្រះសង្ឃមកពីវត្តអង្គចំប៉ី វត្តអង្គរំចេក និងវត្តប្រាងសុវណ្ណ ដោយក្នុងមួយវត្តៗរួមមាន៖ អង្ករ១០០គីឡូក្រាម មី០២កេស ទឹកផ្លែឈើ០២កេស ទឹកសុទ្ធ០២កេស ភេសជ្ជៈ និងផ្លែឈើ០២កន្ត្រក ទឹកផ្លែឈើ០២កេស និងបច្ច័យមួយចំនួន ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៥០០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារ៉ុង០១ និងថវិកា ២ម៉ឺនរៀល ព្រមទាំងរៀបចំអាហារសាមគ្គីជូនប្រជាពលរដ្ឋទាំង៥០០នាក់ ចំនួន០១ពេល៕