តំណាងរដ្ឋមន្ត្រីធនធានទឹក សំណេះសំណាល និងឧបត្ថម្ភថវិកាដល់អង្គភាពទាហាន ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួង


(កំពង់ស្ពឺ)៖ តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ បានចុះទៅសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កងវរសេនាតូចលេខ ១ (ថ្មធំ) កងវរសេនាតូចលេខ ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងកងវរសេនាតូចលេខ ០១ និងលេខ ០២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនដែនទិសប្រាសាទតាក្របី ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម ។

ក្នុងនាមជាសម្ព័ន្ធមេត្រីភាព តាមរយៈតំណាងររបស់រដ្ឋមន្ត្រី ក៏បានផ្តាំសួរសុខទុក្ខកងទ័ព និងប្តេជ្ញានៅតែបន្តការជួយឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋាន ទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីជួយលើកកម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងបញ្ជាការដ្ឋាន ក្នុងន័យសំដែងនូវការដឹងគុណចំពោះបងប្អូនកងទ័ពទាំងអស់ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជាតិមាតុភូមិ ដោយពុំខ្លាចការនឿយហត់ និងបានអរគុណសន្តិភាព-អរគុណនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភដល់បញ្ជាការដ្ឋាន និងបណ្តាកងវរសេនាតូច ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ ម៉ឺនរៀល ក្នុងនោះរួមមាន ៖

១៖ បញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន ១.៣៩២ នាក់
២៖ កងវរសេនាតូចលេខ ១ (ថ្មធំ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១២២ នាក់
៣៖ កងវរសេនាតូចលេខ ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១៩១ នាក់
៤៖ កងវរសេនាតូចលេខ ០១ និងលេខ ០២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនដែនទិសប្រាសាទតាក្របី ចំនួន ២៧០ នាក់៕