ប្រជាពលរដ្ឋ២០០គ្រួសារ នៅខណ្ឌឫស្សីកែវ ទទួលបានកញ្ចប់អាហារស្រាយបួស ពីមូលនិធិ Diyanet នៃប្រទេសទួរគី


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ដែលទទួលបានពីមូលនិធិ Diyanet ប្រទេសទួរគី តាមរយៈសមាគមគ្រូបង្រៀនខ្មែរឥស្លាម សហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ២០០គ្រួសារក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅឯបរិវេណវិហារនូរុនណាអ៊ីម គីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក Yahya Uyar តំណាងអង្គការមូលនិធិ Diyanet បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកប្រធានមូលនិធិ និងបានសម្ដែងនូវក្តីសោមនស្សរីករាយ ជាមួយនិងការថ្លែងអំណរគុណ និងកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱ្យមានសុខដុមជាតិសាសន៍ និងសាសនានៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់មូលនិធិ Diyanet ប្រទេសទួរគី ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលមានភាពខ្វះខាត ក្នុងឱកាសនៃខែបួសរ៉ាម៉ាឌន ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនា។

ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានរំលឹកនូវសមិទ្ធផលជាច្រើនដែលសហគមន៍ឥស្លាមទទួលបានពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សាសនិកឥស្លាមមានឱកាសដើម្បីបានចូលបម្រើការងារជូនរដ្ឋ ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។ គ្រូបង្រៀនខ្មែរឥស្លាម ១៥០០នាក់ ត្រូវបានដាក់បញ្ចូលទៅក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំយុវជន និងកីឡា។ ស្ត្រីឥស្លាម អាចពាក់ហ៊ីចាប(ពាក់ក្រមាបិទបាំងសក់) ចូលសិក្សានៅគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងការបំពេញការងារនៅស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល។ល។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក៏បានផ្តល់សិទ្ធិស្លៀកពាក់បែបសាសនា សម្រាប់ការថតរូបឯកសារសំខាន់ៗ ដូចជា ថតអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន និងលិខិតរដ្ឋបាលផ្សេងៗតាមតម្រូវការ។

ឯកឧត្តមក៏បានរំលឹកដល់ប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាពខ្លួនឯង ដោយអនុវត្តវិធានរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកូវីដ១៩។

គួរជម្រាបផងដែរថា អំណោយដែលទទួលបានពីអង្គការ ខាងលើសម្រាប់មួយគ្រួសាររួមមាន អង្ករ ១០ គីឡូក្រាម, ផ្លែល្មើ ១ គីឡូក្រាម, សណ្ដែកបាយ ២ គីឡូក្រាម, ត្រីខ ២ កំប៉ុង, ប្រេងឆា ៤លីត្រ, ស្ករស ២គីឡូក្រាម និងអំបិល ២ គីឡូក្រាម៕