ឯកឧត្តម ចម ប្រសិទ្ធ គាំទ្រពេញទំហឹងដល់ក្រុមហ៊ុន Minebea មានវត្តមានលើទឹកដីកម្ពុជា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ


នារសៀលថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួង លោក YOSHIHISA KAINUMA នាយកតំណាងក្រុមហ៊ុន MinebeaMitsumi Inc របស់ជប៉ុន បានថ្លែងអំណរគុណជាថ្មី ចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលបានគាំទ្រពេញទំហឹង និងបង្កលក្ខណៈងាយស្រួល តាំងពីឯកឧត្តម នៅជាទេសរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ដែលធ្វើឲ្យក្រុមហ៊ុន Minebea មានវត្តមានលើទឹកដីកម្ពុជា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងចាប់ផ្តើមដំណើរការនិងមានការរីកចម្រើនជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០១១ រហូតដល់បច្ចុប្បន្ន ក្នុងការផលិតម៉ូទ័រខ្នាតតូចសម្រាប់ប្រើប្រាស់ក្នុងឧបករណ៌អេឡិចត្រូនិច និងប្រព័ន្ធភ្លើង LED ជាដើម ហើយបានស្រូបកំលាំងពលកម្មប្រមាណ ជាង២ពាន់នាក់ ក្នុងពេលបច្ចុប្បន្ន ។ ដោយមើលឃើញលក្ខណៈអំណោយផល ផ្នែកសេដ្ឋកិច្ច ទីតាំងភូមិសាស្ត្រ និងកំលាំងពលកម្មប្រកបដោយសក្តានុពល គឺមានការអណត់ព្យាយាម និងវាងវៃ ក្រុមហ៊ុនរបស់លោក នឹងចាប់ផ្តើមពង្រីកផលិតកម្មនៅពេលខាងមុខទៀត ដោយផ្ទេរផលិតកម្មពីប្រទេសហ្វីលីពីន និងប្រទេសចិន ដោយផ្តោតសំខាន់ទៅលើការផលិតឧបករណ៌អេឡិចត្រូនិចសម្រាប់គ្រោងការទីក្រុងឆ្លាតនៅកម្ពុជា (Smart City Project in Cambodia) ជាពិសេសប្រព័ន្ធភ្លើង LED តាមផ្លូវ និងប្រព័ន្ធបច្ចេកវិទ្យា Wireless ដែលបានជួយច្រើនក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចម្រើនរបស់ក្រុមហ៊ុន ជាបន្តបន្ទាប់ និងគាំទ្រពេញទំហឹងចំពោះគ្រោងការពង្រីកផលិតកម្មរបស់ខ្លួន ។ ឯកឧត្តម បានចាត់ទុកក្រុមហ៊ុន Minebea ជាក្រុមហ៊ុនគំរូ របស់ជប៉ុន ដែលគោរពលក្ខខ័ណ្ឌការងារល្អប្រសើរ ដូចជា៖ការបណ្តុះបណ្តាលកម្មករជំនាញនៅក្រៅប្រទេស ផ្គត់ផ្គង់អាហារ និងការស្នាក់នៅ សេវាសុខភាព និងសាលាបង្រៀនអាន និងសរសេរភាសាខ្មែរផងដែរ ។