ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិនៃក្រុមហ៊ុនPernod Ricard Asia


នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានជួបពិភាក្សាការងារជាមួយលោក Philippe Guettat ប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុនPernod Ricard Asia និងអង្គការAPIWSA និងលោកCyril Sayag, VP ទទួលបន្ទុកផ្នែកកិច្ចការសាធារណៈនិងច្បាប់នៃក្រុមហ៊ុនPernod Ricard Asia និងជាអ្នកសម្របសម្រួលការងាររបស់អង្គការ APIWSA នៅកម្ពុជា។
លោក Guettat បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីអំពីការបំពេញការងារយ៉ាងសកម្មភាពរបស់អង្គការ APIWSA នៅកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង រួមទាំងការផ្តល់មូលនិធិដល់ការរៀបចំស្ពតអប់រំផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍MyTV និងកម្មវិធីអប់រំសិស្សផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកGuettat បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាង ក្រសួងសាធារណការនិងដឹកជញ្ជូន និងអង្គការAPIWSA ក្នុងការផលិតស្ពតអប់រំតាមកញ្ចក់ទូរទស្សន៍បន្ថែមដែលអាចផ្សព្វផ្សាយទូទាំងប្រទេសនូវការយល់ដឹងអំពីការបើកបរដោយសុវត្ថិភាពដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនគណៈប្រតិភូថា៖ ក្រសួងមានផែនការបើកយុទ្ធនាការមួកសុវត្ថិភាពនៅទូទាំងប្រទេស និងបានស្វែងរកកិច្ចសហការពីអង្គការAPIWSA ដើម្បីធ្វើឱ្យយុទ្ធនាការនេះទទួលបានជោគជ័យនិងមានប្រសិទ្ធភាពក្នុងគោលដៅផ្តល់ការអប់រំដល់ប្រជាពលរដ្ឋអំពីការប្រើប្រាស់មួកសុវត្ថិភាពឱ្យកាន់តែទូលំទូលាយនៅកម្ពុជា។