ទេសរដ្ឋមន្រ្តី លី ធុជ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារមានជីវភាពខ្វះខាត និងជនមានពិការភាពចំនួន ៥០០គ្រួសារ ក្នុងក្រុងបាវិត


នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់គ្រួសារមានជីវភាពខ្វះខាត និងជនមានពិការភាព ចំនួន៥០០គ្រួសារ ស្ថិតក្នុងសង្កាត់ទាំង៥ក្រុងបាវិត តាមរយៈលោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group។

លោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេស Manhattan បានថ្លែងថា ការចែកអំណោយសប្បុរធម៌នាថ្ងៃនេះ គឺជាការសម្តែងនូវការដឹងគុណដល់បងប្អូនប្រជាពលរដ្ឋក្រុងបាវិត ដែលបានបញ្ជូនសមាជិកក្រុមគ្រួសារ របស់ខ្លួន ចូលធ្វើការនៅតាមបណ្តារោងចក្រនានាក្នុងក្រុងបាវិត ជាពិសេសចូលរួមដល់ការអភិវឌ្ឍក្រុងបាវិតឲ្យមានការរីកចំរើន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណ លោក Clement Yang ដែលបានចូលរួមដល់ការអភិវឌ្ឍនៅប្រទេសកម្ពុជា និងជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង តាមរយៈការផ្តល់ការងារឲ្យកម្មករប្រមាណជាង ៣៥០០០នាក់ ក្នុងចំណោមកម្មករជាង ៥០០០០ ដែលនេះជាចំនួនដ៏លើសលប់ក្នុងក្រុងបាវិត។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លានាថ្ងៃនេះ គឺជាការចូលរួមសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងជាការយកចិត្តទុកដាក់អំពីទុក្ខធុរៈចំពោះក្រុមគ្រួសារជួបការលំបាក និងមានជីវភាពខ្វះខាត របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេរតែងតែចាត់ទុកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជាការលំបាករបស់សម្តេច។

លោកបន្តទៀត កម្ពុជា ក្រោមម្លប់សន្តិភាព បានបង្កើតនូវឱកាសការងារយ៉ាងច្រើន និងមានការអភិវឌ្ឍឥតឈប់ឈរ ដែលអាចឲ្យប្រជាជនខ្មែរគ្រប់រូបមានជម្រើសយ៉ាងច្រើនក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងបំពេញការងារទៅតាមបំណងប្រាថ្នាពេញចិត្ត។ ដើម្បីចូលរួមថែរក្សាសមិទ្ធផលដែលបានមកពីសុខសន្តិភាពនេះ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី៕