ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំជាមួយអតីតសមាជិកគណៈកម្មការអន្តរក្រសួងទាំងអស់


នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតប្រធានគណៈកម្មការអន្តរក្រសួងរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ឆ្នាំ២០១៧នៅកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយអតីតសមាជិកគណៈកម្មការអន្តរក្រសួងទាំងអស់ ដើម្បីថ្លែងអំណរគុណដល់ក្រុមការងារដែលបានខិតខំប្រឹងប្រែងបំពេញការងាររៀបចំព្រឹត្តិការណ៍នេះ ក៏ដូចជាដើម្បីអបអរសាទរចំពោះប្រទេសកម្ពុជាដែលទទួលបានជោគជ័យក្នុងការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពី១០ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកគណៈកម្មាធិការអន្តរក្រសួងទាំងអស់ដែលបានសហការគ្នាបានយ៉ាងល្អក្នុងកិច្ចការងាររៀបចំវេទិកានេះទទួលបានជោគជ័យ និងទទួលបានការកោតសរសើរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សានាយកនៃវេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ។
ក្នុងកំឡុងពេលនៃកិច្ចប្រជុំ លោក សែន សិលា ទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីការបង្ហាញបទពិសោធន៍អន្តរជាតិក្នុងការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោករបស់កម្ពុជា ដែលក្នុងនោះ ទិន្នន័យអនឡាញបានបង្ហាញឱ្យឃើញពីចំណាប់អារម្មណ៍យ៉ាងខ្ពស់ពីសាធារណជន ដែលអាចឱ្យកម្ពុជាបង្ហាញខ្លួនទៅកាន់ពិភពលោកនូវភាពវិជ្ជមានសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងប្រទេសដែលមានទីផ្សារលេចធ្លោមួយនេះ។