អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវបេតុងជាង២គីឡូម៉ែត្រ ក្នុងសង្កាត់បឹងកុក


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានដឹកនាំ មន្ត្រីនៃមន្ទីរអង្គភាពជំនាញ មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុង ចំនួន២ខ្សែ មានប្រវែងសរុប ២,៤៩៦ម៉ែត្រ ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ដោយមើលឃើញថា នៅរដូវវស្សាមានជំនន់ទឹកភ្លៀង ប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរ ទើបអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានរៀបចំផែនការដើម្បីស្ថាបនាផ្លូវបេតុង ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់បឹងកុក ចំនួន២ខ្សែ ប្រវែងសរុប ១,៦៥២ម៉ែត្រ ទទឹង៧ម៉ែត្រ និងផ្លូវបេតុងក្នុងភូមិថ្មគោល សង្កាត់បឹងកុក ចំនួន២ខ្សែផ្សេងទៀត ដោយខ្សែទី១ ប្រវែង ១៩៩ម៉ែត្រ ទទឹង ៧ម៉ែត្រ និងខ្សែទី២ ប្រវែង ៦៤៥ម៉ែត្រ ទទឹង ៦ម៉ែត្រ។

មន្ត្រីដដែលបានបញ្ជាក់ថា ប្រវែងផ្លូវបេតុងដែលត្រូវស្ថាបនា សរុបប្រវែង ២,៤៩៦ម៉ែត្រ គឺជាគម្រោងស្ថាបនា ក្នុងថវិកាឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម៕