អភិបាលខេត្តប៉ៃលិន ចុះពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិទាំង១៣ភូមិ ក្នុងសង្កាត់ប៉ៃលិន


(ប៉ៃលិន)៖ បន្ទាប់ពីរាជរដ្ឋាភិបាល ដាក់ចេញយុទ្ធសាស្ត្រផ្ទេរអំណាចទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងគោលនយោបាយស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញចុះជួបសំណេះសំណាល សួរសុខទុក្ខដល់មេភូមិ អនុភូមិ និងសមាជិកភូមិទាំង១៣ នៅក្នុងសង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ដើម្បីពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

នាឱកាសនោះ លោកជំទាវអភិបាលខេត្តប៉ៃលិន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាទាំងអស់។

លោកជំទាវ បាន ស្រីមុំ បានបន្តថា សម្ដេចទាំងទ្វេតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ តែងតែរស់នៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋទាំងអស់ និងបានថែរក្សាសុខសន្តិភាព សណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងប្រទេសកម្ពុជា បច្ចុប្បន្នកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ មានស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត មានការអភិវឌ្ឍរីកចម្រើននៅគ្រប់ទីកន្លែង តាំងពីទីប្រជុំជន រហូតដល់ទីជនបទដាច់ស្រយាល។

បន្ថែមលើនេះ លោកជំទាវ បាន ស្រីមុំ ក៏បានណែនាំដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ ត្រូវយកចិត្តទុកដាក់ក្តាប់ឱ្យបានពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ និងត្រូវធ្វើរបាយការណ៍ឱ្យបានទៀងទាត់ ច្បាស់លាស់ មកកាន់ថ្នាក់លើរបស់ខ្លួន។

លោកជំទាវអភិបាលខេត្ត បានលើកឡើងពីបញ្ហាដែលលោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ត្រូវយកចិត្តទុកដាក់រួមមាន៖

*ទី១៖ ស្ដាប់ឱ្យបានពីរចំនួនប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស
*ទី២៖ ស្ដាប់ឱ្យបានពីចំនួនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតពិតប្រាកដនៅក្នុងភូមិ ដើម្បីធ្វើការផ្ដល់ជំនួយឧបត្ថម្ភដល់ពួកគាត់
*ទី៣៖ ក្តាប់ឱ្យបានពីចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងជំរុញណែនាំឱ្យពួកគាត់ត្រៀមទៅបោះឆ្នោតឱ្យបានគ្រប់គ្នា
*ទី៤៖ ចូលរួមឱ្យបានសកម្មក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា ការទប់ស្កាត់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ការចូលរួមអនុវត្តច្បាប់ចរាចរណ៍ឱ្យបានល្អប្រសើរ អប់រំណែនាំកូនចៅឱ្យប្រព្រឹត្តនូវអំពើល្អ កុំឱ្យមានក្មេងទំនើងជាដើម៕