ខានស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន និងចូលរួមវេទិកាទឹកពិភពលោក


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ខានស្អែកនេះ សម្តេចនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន រយៈពេល២ថ្ងៃ និងចូលរួមក្នុងវេទិកាទឹកពិភពលោក។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងឯកឧត្តម ការីម៉ាតា អាហ្សូហ្ស៉ី ភារធារីស្តីទី ស្ថានទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ចនៅប្រទេសជប៉ុននេះ សម្តេចក៏នឹងជួបពិភាក្សាជាមួយ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន ព្រមទាំងមានចុះហត្ថលេខាលើឯកសារមួយផងដែរ។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនេះ សម្តេចតេជោ នឹងអញ្ជើញត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។ ក្រោយមកដល់កម្ពុជា សម្តេចក៏ទទួលជួប មេប្រតិបត្តិការរបស់អ៊ុនតាក់ ដែលបំពេញបេសកកម្មនៅកម្ពុជា កាលពីទសវត្សរ៍៩០ ផងដែរ។

កម្ពុជា និងប្រទេសជប៉ុន បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងនេះ នឹងមានអាយុកាលគម្រប់ ៧០ឆ្នាំ នៅឆ្នាំ២០២៣ ខាងមុខនេះ។ ជប៉ុនក៏ជាប្រទេសដែលផ្តល់ជំនួយយ៉ាងច្រើនដល់ប្រទេសកម្ពុជាផងដែរ៕