សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងអង្គការមូលនិធិនគរទេព ចាប់ដៃគ្នា ដើម្បីចុះពិនិត្យ និងព្យាបាលជូនពលរដ្ឋគិតថ្លៃ


(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងអង្គការមូលនិធិនគរទេព នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នា ដោយមានបំណងធ្វើការងារមនុស្សធម៌ តាមរយៈការចុះពិនិត្យ និងព្យាបាលជូនពលរដ្ឋដោយគិតថ្លៃ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានថ្លែងអរគុណចំពោះអង្គការមូលនិធិនគរទេព ដែលចុះអនុស្សារណៈយោគយល់ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុប្រជាពលរដ្ឋតាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងអង្គការមូលនិធិនគរទេព មានបេសកកម្មស្រដៀងគ្នាក្នុងជួយសង្គ្រោះជីវិតមនុស្ស តាមរយៈការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងយើងបានរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ដើម្បីសង្គ្រោះបន្ទាន់ និងព្យាបាលអ្នកជំងឺកូវីដ-១៩។ ការផ្ដល់ការគាំទ្រនេះ បានធ្វើឱ្យស្ថានភាពពេលបច្ចុប្បន្ននេះខុសប្លែកពីស្ថានភាពកាលពីឆ្នាំកន្លងទៅ ធ្វើឱ្យប្រជាពលរដ្ឋរីករាយនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមិនមានភាពភ័យខ្លាចនឹងជំងឺកូវីដ-១៩ ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី»

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោ (TYDA) គឺមានគោលការណ៍០៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ រួមមាន៖

១៖ ការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្តនៅរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។

២៖ ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ ដើម្បីបុព្វហេតុសង្គមតាមរយៈការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដែលគិតថ្លៃនៅទូទាំងប្រទេស។

៣៖ ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើន ក្នុងការយកជំនាញបច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។

«អ្វីៗដែលយើងបាននឹងកំពុងធ្វើនេះ គឺមិនមែនធ្វើដើម្បីបង្ហាញនោះទេ គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស ព្រោះថាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺជាការប្រយុទ្ធប្រឆាំងសត្រូវដែលគ្មានរូបរាង យើងខិតខំជម្នះគ្រប់ឧបសគ្គដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ហើយយើងសង្ឃឹមថានឹងយកជ័យជំនះ ហើយស្ថានភាពល្អប្រសើរនឹងវិលមកវិញក្នុងរយៈពេលឆាប់ៗខាងមុខនេះ»។ នេះជាការថ្លែងបន្ថែម ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៕