ខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៣


(ក្រចេះ)៖ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំទី៣។

ឯកឧត្តម ហឿ ស៊ីយ៉ែម បានកោតសរសើរ និងវាតម្លៃខ្ពស់ចំពោះការខិតខំប្រឹកប្រែងរបស់អាជ្ញាធរខេត្ត និងមូលដ្ឋាន ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័ស ឆ្លើយបតទៅនឹងតម្រូវការបានទាន់ពេលវេលា ជាពិសេសការងារផ្តល់វ៉ាក់សាំងទៅដល់ប្រជាពលរដ្ឋមូលដ្ឋាន។

ឯកឧត្តមបន្តទៀតថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលប្រកាសបើកឡើងវិញនូវគ្រប់វិស័យនៅទូទាំងប្រទេស និងស្របពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានចូលមកដល់ រដ្ឋាភិបាលតម្រូវឲ្យ អាជ្ញាធរខេត្តទាំងអស់រៀបចំពិធី និងចាត់វិធានការការពារសន្តិសុខសណ្តាប់ធ្នាប់ ប្រកបដោយបរិយាកាសរីករាយ និងសុវត្ថិភាព ព្រមទាំងបានចាត់មន្រ្តីសុខាភិបាលចុះចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាវត្ត និងតាមមូលដ្ឋាន ដោយមានការចូលរួមសហការពីពលរដ្ឋគ្រប់មូលដ្ឋានយ៉ាងផុលផុសផងដែរ។

ជួសមុខឲ្យថ្នាក់ដឹកនាំខេត្ត និងពលរដ្ឋទូទាំងខេត្តក្រចេះ ឯកឧត្តមសូមថ្លែងអំណរអរគុណសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលធ្វើឲ្យប្រទេសជាតិមានឱកាសបើកប្រទេសឡើងវិញគ្រប់វិស័យ ក្នុងនោះដែរធ្វើឲ្យវិស័យ ទេសចរណ៍បានងើបឡើងវិញគួរឲ្យគត់សម្គាល់ និងធ្វើឱ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយឡើងវិញ ស្របពេលឱកាសបុណ្យចូលឆ្នាំថ្មី ដោយមិនមានភាពភ័យខ្លាចពីការឆ្លងនូវជម្ងឺកូវីដ-១៩៕