អភិបាលខេត្តត្បូងឃ្មុំ ចុះសំណេះសំណាលសួរសុខទុក្ខជាមួយពលរដ្ឋចំនួន៣៦ភូមិ ក្នុងឃុំចំនួន០២ នៃស្រុកអូររាំងឳ


(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំបានលើកឡើងប្រសាសន៍សម្តេចតេជោថា សូមមើលព្រៃទាំងមូល កុំមើលដើមឈើ១ដើម មានន័យថា មន្ត្រីរាជការដែលល្អ៩៩% កុំយកប្រៀបធៀបមួយចំនួនតូចដែលខូចខិលនោះ ដូច្នេះហើយ សូមកុំខឹងគោវាយរទេះ។
មានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឳកាសដឹកនាំក្រុមការងារបន្តចុះសំណេះសំណាលសួរសុខទុក្ខជាមួយពលរដ្ឋចំនួន ៣៦ភូមិ ក្នុងឃុំចំនួន០២ ក្នុងស្រុកអូររាំងឳ ក្នុងនោះ១៤ភូមិ ក្នុងឃុំមៀន និង២២ភូមិ ក្នុងឃុំគងជ័យ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សូមឲ្យបងប្អូនពលរដ្ឋចូលរួមបោះឆ្នោតទាំងអស់គ្នា ជាពិសេសបន្តបោះឆ្នោតគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ដែលខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតសព្វថ្ងៃនេះ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានលើកឡើងពីយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងបានយ៉ាងល្អ របស់សម្តេចតេជោ ដែលធ្វើឲ្យកម្ពុជាជោគជ័យលើការងារប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនធំ។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានបន្តអំពាវនាវឲ្យពលរដ្ឋ និងអាណាព្យាបាលទាំងអស់ សូមនាំកុមារអាយុចាប់ពី០៣ឆ្នាំ រហូតដល់មនុស្សចាស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី០១ ក៏ដូចជាដូសជំរុញ សូមមកចាក់ដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះ ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍យើង៕