ក្រសួងបរិស្ថាន និងស្ថាប័នចំនួន៣ រួមគ្នាដោះស្រាយបញ្ហាកង្វះជំនាញផ្នែកផលិតកម្មរបស់ឧស្សាហកម្ម ៤,០ និងបញ្ហាបរិស្ថាន


(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ក្រុមហ៊ុនសូហ្វែរឧស្សាហកម្ម សៀមិនស៍ ភីជី អិលធីឌី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បណ្ឌិត្យសភា បច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាលា ស្ទីមមីង ខេមបូឌា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន៣ ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាអ៉ិចហ្ស៉ីលីអេតពើ របស់ក្រុមហ៊ុន សៀមិនស៍ (Slemenss Xcelerator Platform) ដើម្បីឱ្យសិស្ស-និស្សិត មានសមត្ថភាពពូកែក្នុង និងក្រៅថ្នាក់រៀន និងដើម្បីពង្រឹងភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំ និងក្រុមហ៊ុនឧស្សាហកម្ម ដើម្បីរៀបចំកម្លាំងពលកម្មដែលមានផ្នត់គំនិតឌីជីថល សម្រាប់ប្រែក្លាយ គំនិតឱ្យទៅជាការពិត និងសម្រាប់បង្កើតដំណោះស្រាយបច្ចេកវិទ្យាសម្រាប់ឧស្សាហកម្ម ៤.០ របស់កម្ពុជា។

ពិធីចុះអនុស្សារណៈយោគយល់នេះ បានធ្វើឡើងក្រោមអធិបតីបភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន  ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងតំណាងស្ថាប័នទាំង៣ នាទីស្តីការក្រសួងបរិស្ថាន។

បន្ថែមពីនេះ ការចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន ជាមួយនឹងស្ថាប័នទាំង៣នេះ ដើម្បីដោះស្រាយបញ្ហាកង្វះជំនាញផ្នែកផលិតកម្មរបស់ឧស្សាហកម្ម៤,០ និងដើម្បីដោះស្រាយបញ្ហាបរិស្ថាន ផងដែរ។

តាមរយៈអនុស្សរណៈយោគយល់នេះ ធនធានមនុស្សផ្នែកវិស្វកម្មសម្រាប់ដំណោះស្រាយបញ្ហាបរិស្ថាន និងធនធានមនុស្សជំនាញផ្នែកបច្ចេកវិទ្យា វិស្វកម្ម និងឌីជីថលសម្រាប់ឧស្សាហកម្ម ៤.០ នឹងត្រូវបានរំពឹងថាមានការអភិវឌ្ឍបន្ថែម។ ក្នុងនាមជាដៃគូនៃអនុស្សរណៈយោគយល់នេះ ក្រសួងបរិស្ថាន ចាត់ទុកក្រុមហ៊ុន សៀមិនស៍ (Siemens) ជាដៃគូបច្ចេកវិទ្យាឧស្សាហកម្មមួយ ដើម្បីទាញយកចំណេះដឹង បទពិសោធន៍ និងជំនាញដែលក្រុមហ៊ុន សៀមិនស៍ មានសម្រាប់ជាប្រយោជន៍ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។

ចំណែកឯក្រុមហ៊ុន សៀមិនស៍ ប្ដេជ្ញាផ្តល់ជូនបច្ចេកវិទ្យាសូហ្វើ (softwure) ធនធានសម្ភារបណ្ដុះបណ្ដាល និងកម្មវិធីសិក្សាដល់ក្រសួងបរិស្ថាន ដើម្បីលើកកម្ពស់គុណភាពអប់រំ និងគុណភាពបណ្តុះបណ្តាលកម្រិតអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្ម បច្ចេកវិទ្យា និងឌីជីថលជំនាន់ថ្មីនៅកម្ពុជា។

តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុន សៀមិនស៍ នឹងផ្តល់ជូននូវកញ្ចប់សូហ្វែរដែលមានអជ្ញាប័ណ្ណ ធនធានសម្ភារបណ្តុះបណ្តាល និងកម្មវិធីសិក្សាដល់ក្រសួងបរិស្ថាន ដើម្បីផ្ដល់ជូនដល់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តាមរយៈការជួយគាំទ្រសម្របសម្រួលផ្នែកដំបូន្មានបច្ចេកទេស និងការបណ្តុះបណ្តាលពីសូហ្វែរ (software) ពីសាលា ស្ទីមមីង ខេមបូឌា (STEAMING Ca mbodia)។ និស្សិតដែលមកពីសាកលវិទ្យាល័យដៃគូទាំងនេះនឹងទទួលបានការបណ្តុះបណ្តាល ការប្រើប្រាស់សូហ្វែរដែលមានអជ្ញាប័ណ្ណ និងការប្រឡងយកសញ្ញាបត្របញ្ជាក់សមត្ថភាពស្ដង់ដាផងដែរ ក្រោមការជួយឧបត្ថម្ភពីក្រសួងបរិស្ថាន។

គ្រប់ភាគីបានយល់ព្រមឯកភាពគ្នាក្នុងការពង្រឹងចំណងសហការនេះ តាមរយៈការអនុវត្តកម្មវិធីអប់រំ ៤.០ (Academia 4.0 Program) ដោយមានការប្រើប្រាស់នូវសូហ្វ៊ែរ សូលីដ អេជ (Soid Edge) របស់ក្រុមហ៊ុន សៀមិនស៍ (Sierers) សម្រាប់ការអនុវត្តជំហានដំបូង។ កម្មវិធីអប់រំ ៤.០ មានបំណងគាំទ្រដល់សិស្ស និងនិស្សិតឱ្យចេះដោះស្រាយបញ្ហាទៅថ្ងៃអនាគត លើកទឹកចិត្តសិស្ស និងនិស្សិតឱ្យដឹកនាំផ្នែកដំណោះស្រាយ ដែលជាបញ្ហាប្រឈមរបស់មនុស្ស និងដើម្បីដឹកនាំអនាគតប្រកបដោយចីរភាព និងនវានុវត្តន៍៕