សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រោមប្រធានបទ «រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗ ឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខុមាលភាព»។

នៅក្នុងសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន សូមសម្តែងនូវការអបអរសាទរជាមួយពិភពលោកទាំងមូល ចំពោះការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗ ឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខុមាលភាព»។

បើតាមសម្តេចតេជោនាយករដ្ឋមន្រ្តី ទិវានេះប្រារព្ធឡើងក្នុងគោលបំណងរំលឹកនិងបង្ហាញឱ្យឃើញនូវក្តីរំពឹងរបស់រាជរដ្ឋាភិបាល ព្រមទាំងសាធារណជនគ្រប់រូបដែលកំពុងខិតខំប្រឹងប្រែងរួមគ្នាឈានទៅសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់ ក្នុងភូមិសាស្ត្រប្រទេស ក៏ដូចជាមហាអនុតំបន់ទន្លេមេគង្គ និងពិភពលោកទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាននិងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងផ្លាស់ប្តូរផ្នត់គំនិតនិងទម្លាប់សាធារណៈឱ្យកាន់តែបានទូលំទូលាយនិងមានប្រសិទ្ធភាពបន្ថែមទៀតនៅទូទាំងប្រទេស ពិសេសក្នុងភូមិសាស្រ្តព្រៃភ្នំប្រឈមការចម្លងជំងឺគ្រុនចាញ់ខ្ពស់ ដើម្បីឈានទៅគ្មាន ការចម្លងជំងឺគ្រុនចាញ់ និងគ្មានករណីជំងឺគ្រុនចាញ់ ព្រោះថាពេលនេះជាឱកាសដ៏អំណោយផលរបស់ប្រទេសកម្ពុជា ក្នុងបទពិសោធនិងមេរៀនដ៏មានសក្តានុពលដែលសាធារណជនទាំងមូលកំពុងសម្រេច បានជោគជ័យយ៉ាងធំធេងមួយថ្មីទៀតលើការងារគ្រប់គ្រងជំងឺកូវីដ-១៩ តាមរយៈសកម្មភាពសហគមន៍ចូលរួមរស់នៅបែប គន្លងថ្មីក្រោមទស្សនទានថ្មីៗ ដើម្បីធានាបាននូវអ្នកឆ្លងតិច គ្មានអ្នកស្លាប់ និងពុំមានការឆ្លងទ្រង់ទ្រាយធំក្នុងសហគមន៍ព្រមទាំងប្រសិទ្ធភាពនៃការគ្របដណ្តប់វ៉ាក់សាំងកូវីដ-១៩»

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖