ឯកឧត្តមវេជ្ជ. សុះ មុះសិន អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន២៨៩គ្រួសារ ក្នុងខេត្តកណ្តាល


ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជ. សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា រួមនិង ឯកឧត្តមវេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមជាមួយឯកឧត្តម ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយអង្ករហ្សាកាត់ ក្នុងខែបួសរ៉ាម៉ាឌន ជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋខ្វះខាត ចំនួន ២៨៩គ្រួសារ នៅ២ទីតាំង៖១.ស្ថិតនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ចំនួន១៦៣គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ចំនួន១៥គីឡូក្រាម ទឹកដោះគោ ២កំប៉ុង មីឡូ០១ដប អំបិល ១គីឡូក្រាម ស្ករសរ ២គីឡូក្រាម និងមីចំនួន ១០កញ្ជប់ ។

២. ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ចំនួន ១២៦គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ចំនួន ១៥គីឡូក្រាម មី១០កញ្ចប់ ទឹកដោះគោ ០១កំប៉ុងប្រេងឆា ០១ដប អំបិល ០១គីឡូក្រាម និងស្ករសរ ០១គីឡូក្រាម ។

ឯកឧត្តមវេជ្ជ. បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំល្អ រក្សាសន្តិភាព និងធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាមក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឱ្យទទួលជំនួយពីបរទេសដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក។ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញដល់ប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស និងដូសជំរុញអោយបានគ្រប់ៗគ្នា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ជំងឺកូវីដ១៩ ។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ សរុបជាទឹកប្រាក់ ចំនួន ២៨,៩០០,០០០រៀល ។