សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការពិភាក្សា ផ្ទេរអ្នកជំងឺកូវីដ១៩ កំពុងព្យាបាលនៅមណ្ឌលសម្រាកព្យាបាលស្តាតអូឡាំពិក ទៅមន្ទីរពេទ្យហ្លួងម៉ែ ឬមន្ទីរពេទ្យចាក់អង្រែ ដើម្បីយកទីតាំងស្តាតជួសជុល ត្រៀមឲ្យកីឡាករហ្វឹកហាត់ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការណែនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដែលរៀបចំផ្ទេរអ្នកជំងឺកូវីដ១៩ ចេញពីស្តាតអូឡាំពិកនេះ គឺទាន់ពេលដែលអ្នកជំងឺនៅមានតិចតួច ខណៈនៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចូលមកដល់ ហើយកីឡាកររបស់កម្ពុជា ត្រូវការហ្វឹកហាត់ជាចាំបាច់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «តួលេខអ្នកជំងឺកូវីដ១៩ របស់យើងនៅទូទាំងប្រទេសកម្ពុជា ដែលកំពុងសម្រាកព្យាបាលមានចំនួនតែ ៩៣នាក់ ក្នុងនោះមាននៅរាជធានីភ្នំពេញ មានតែ២៦នាក់ ដោយ៨នាក់ កំពុងប្រើអុកស៊ីសែនធម្មតា, អ្នកជំងឺប្រើម៉ាស៊ីនជំនួយដង្ហើមម្នាក់ និងក្នុងបន្ទប់ ICU ចំនួន៩នាក់។ ខ្ញុំសុំស្នើដោយយើងនៅជំពាក់ស្តាតអូឡាំពិក ដែលមិនទាន់បានប្រគល់ទៅឲ្យកីឡាវិញ អីចឹងសូមពិភាក្សាគ្នា ខ្ញុំគិតថាឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម ម៉ម ប៊ុនហេង អាចមើលបានតាមរយៈការផ្សាយផ្ទាល់ និងអ្នកពាក់ព័ន្ធ ឥឡូវនេះយើងកំពុងសាងសង់មន្ទីរពេទ្យមួយ ដែលមានសមត្ថភាពទទួលអ្នកជំងឺប្រមាណ១ម៉ឺននាក់ ដែលនឹងរួចរាល់នៅដើមឆ្នាំក្រោយ។ ឯនៅស្តាតអូឡាំពិកនេះ យើងបានផ្ទេរអ្នកជំងឺចេញមួយចំនួនធំហើយ ប៉ុន្តែខ្ញុំមិនចង់បន្តទៀត អីចឹងសូមពិភាក្សាគ្នាយកអ្នកជំងឺរបស់យើង ទៅដាក់នៅមន្ទីរពេទ្យហ្លួងម៉ែ ឬទៅមន្ទីរពេទ្យចាក់អង្រែ ដើម្បីប្រគល់ស្តារអូឡាំពិក ដើម្បីជួសជុលឲ្យរួចរាល់ ព្រោះយើងសល់តែ១ឆ្នាំទៀតទេ ដល់ការប្រកួតកីឡាស៊ីហ្គេមមកដល់ យើងយកទីតាំងស្តាតធ្វើការហ្វឹកហាត់»។
សម្តេចនាយករដ្ឋមន្ត្រីបន្តថា សម្រាប់មន្ទីរពេទ្យហ្លួងម៉ែ សម្រាប់ពេលអនាគត នឹងត្រូវប្រែក្លាយជាមន្ទីរពេទ្យឯកទេសផ្នែកព្យាបាលជំងឺមហារីក ព្រោះតែបច្ចុប្បន្នជំងឺមហារីកមានច្រើន។ ខណៈដែលរាជរដ្ឋាភិបាល កំពុងសាងសង់មន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ១៩ ដ៏ធំមួយនៅខណ្ឌព្រែកព្នៅ មានសមត្ថភាពផ្ទុកអ្នកជំងឺរហូតដល់១ម៉ឺននាក់ អាចនឹងរួចរាល់នៅខែមករា ឆ្នាំ២០២៣ខាងមុខនេះ។
សម្រាប់តួលេខអ្នកឆ្លងជំងឺកូវីដ១៩ ដែលត្រូវប្រកាសនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោបានបញ្ជាក់ថា មានត្រឹមតែ៥នាក់ប៉ុណ្ណោះ។ ការធ្លាក់នៃអ្នកឆ្លងជំងឺនេះ ដោយសារតែភាពសុំាសហគមន៍ ដោយសារតែការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងការរួមគ្នាអនុវត្តន៍បានល្អនូវវិធានការសុខាភិបាល៕