សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរសាលាសង្កាត់ អូរឬស្សីទី២


ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារ ចុះជូយរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី កងកម្លាំងនិងអាជ្ញាធរ សង្កាត់ អូឫស្សីទី២ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
មានប្រសាសន៍សំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរសង្កាត់ នាឱកាសនោះ សម្តេច បានជំរាបសួរសុខទុក្ខ អំពីស្ថានភាព ការងារ និង ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនជាមន្ត្រី ជាកងម្លាំងនិងប្រជាពលរដ្ឋនៅមូលដ្ឋាន សម្តេចប្រធានក្រុមការងារ បានសម្តែងការកោតសរសើរលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះមន្ត្រី កងកម្លាំង និងអាជ្ញាធរសង្កាត់ដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាកស្មុកស្មាញនៅក្នុងភូមិសាស្រ្តសង្កាត់ ហើយបានយកចិត្តទុកដាក់ចំពោះការ ងារបំរើសេវាសាធារណៈជូនប្រជាជន និងបំពេញការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានបានល្អ ប្រកបដោយសុខសុវត្ថិភាព រួមទាំងការងារគ្រប់គ្រងអនាម័យ បរិស្ថានផងដែរ។
សម្តេចបានក្រើនរំលឹកឲ្យបងប្អូនយកចិត្តទុកដាក់បន្តអនុវត្តការងារតាមតួនាទីភារកិច្ចក៏ដូចជាការងារបំរើសេវ៉ាសាធារណៈឲ្យកាន់តែល្អ យកចិត្តទុកដាក់បន្ថែមលើការងាររក្សាការពារ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋសូមរួមសាមគ្គីប្រមូលផ្តុំកម្លាំង វិធានការ និងមធ្យោបាយសរុបដើម្បីអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការបង្កាទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ។
សម្តេច ក៏បានរំលឹកផងដែរពីកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលកាន់តែខិតជិតណាស់ហើយហេតុនេះទាំងអស់គ្នាត្រូវតែក្តាប់ជាប់រាល់ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតដែលថ្នាក់លើបានដាក់ចុះ និងក្តាប់ជាប់ហើយតាមដានអនុវត្តឲ្យបានល្អតាមប្រតិទិន នៃការបោះឆ្នោតដែល គជប បាន ដាក់ ចុះចំពោះរាល់បញ្ហាប្រឈម ការលំបាក ខ្វះខាត ដែលមូលដ្ឋានបានជួបប្រទះត្រូវរួសរាន់ដោះស្រាយឲ្យបានឆាប់រហ័ស និងមានតម្លាភាពបញ្ហាណាដែលហួសសមត្ថកិច្ចសង្កាត់ដោះស្រាយ សូមប្រញាប់រាយការណ៍ សុំយោបល់ដឹកនាំដោះស្រាយពីថ្នាក់លើ។
ចំពោះស្ថានភាពជម្ងឺរាតត្បាតកូវីដ ១៩ « ការដកចេញនូវវិធានការពាក់ម៉ាស នៅតាមទីសាធារណៈ » ដូចប្រសាសន៍សម្តេចតេជោបានប្រកាស់ថ្មីៗនេះ គឺអាស្រ័យដោយរាជរដ្ឋាភិបាល បានសង្កេតឃើញថា អត្រានៃការឆ្លង កូវីដ ១៩ នាពេលបច្ចុប្បន្ននេះ កាន់តែចុះទាបទៅ តែទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល នៅតែលើកទឹកចិត្ត ឱ្យមានការពាក់ម៉ាស់ នៅកន្លែងដែលមានការសង្ស័យ ឬកន្លែងដែលមានមនុស្សច្រើន ។
សម្តេចប្រធានក្រុមការងារ បានផ្តាំផ្ញើ ការសួរសុខទុក្ខចំពោះ មន្ត្រី និងប្រជាពលរដ្ឋយើងនៅមូលដ្ឋានសង្កាត់អូឫស្សីទី២ និងបានផ្តាំផ្ញើពីកត្តាសំខាន់បំផុត ដែលមិនអាចខ្វះបាន និងដែលនឹងនាំមកនូវជ័យជំនះក្នុងគ្រប់ភារកិច្ចការងារ នោះគឺកត្តាសាមគ្គីភាព ឯកភាព គឺត្រូវតែរឹងមាំជានិច្ច៕