អភិបាលខេត្តត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន ផ្តើមចេញពីការយកជីវិតជាដើមទុន បានធ្វើឱ្យកម្ពុជា បញ្ចប់ភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន


ថ្លែងចេញពីសាលប្រជុំរបស់សាលាខេត្តត្បូងឃ្មុំ នាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្នុងកម្មវិធីខួបអនុស្សាវរីយ៏លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ» ដែលមានអ្នកចូលរួមសរុបចំនួន ២៩៥នាក់។ ការថ្លែងរបស់លោកបណ្ឌិតអភិបាលខេត្ត យ៉ាងដូច្នេះថា ៖ «កម្ពុជាមានសន្ដិភាពដូចសព្វថ្ងៃ គឺបានចំណាយសាច់ស្រស់ឈាមស្រស់ដើម្បីធានាឲ្យកម្ពុជាមានការឯកភាពទឹកដីដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តើមចេញពីការយកជីវិតជាដើមទុន បានធ្វើឱ្យកម្ពុជា បញ្ចប់ភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។ ដូច្នេះទោះក្នុងតម្លៃណាក៏ដោយមិនឲ្យមានអ្នកបង្កអសន្ដិសុខឡើយ បើមាន គឺមិនអត់ឱនឲ្យទេត្រូវតែបង្ក្រាបភ្លាមៗ មិនទុកឲ្យប្រជាជនកម្ពុជា ស្លាប់ និងរបួសនិរាសព្រាត់ប្រាស់ដូចអតីតកាលឡើយ ត្រូវចូលរួមថែរក្សាសន្តិភាពឲ្យគង់វង្ស ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ»។

ជាក់ស្តែងក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងវិបត្តិនៃសង្គ្រាមជល្លោះរវាង ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ដោយការប្រើកងកម្លាំងប្រដាប់អាវុធ រវាងប្រទេសទាំងពីបានអួតអាងពីជ័យជំនះរៀងៗខ្លួន សម្រាប់រុស្ស៊ីបានលើកឡើងថា កងទ័ពរបស់ខ្លួនបានបំផ្លាញមូលដ្ឋានទ័ពទីតាំងយោធាអ៊ុយក្រែនជាង៣៦០០កន្លែង កំទិចយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រអ៊ុយក្រែនជាច្រើនគ្រឿងត្រូវបានបាញ់ទំលាក់ផងដែរ ចំណែកឯអ៊ុយក្រែនវិញបានលើកឡើងថាទាហានរបស់ខ្លួនត្រូវបានកំទិច និងរឹបអូសរួមមាន៖ សព្វាវុធទំនើបៗ មីស៊ីល រថពាសដែក និងរថក្រោះ និងនាវាចម្បាំងរុស្ស៊ីយោធារុស្ស៊ីពីគ្រឿងទៀត ឈ្មោះថា អ័ស (Orsk) និងម៉ូស្វា (Moskva) បានទទួលរងការវាយប្រហារដោយ មីស៊ីល ២គ្រាប់របស់អ៊ុយក្រែន។ ប្រឈមមុខនឹងសោកនាដកម្មអស់ទាំងនេះ ទីបំផុតប្រធានាធិបតី អ៊ុយក្រែនខ្លួនឯងផ្ទាល់ក៏បានប្រកាសរកសន្តិភាពនិងចាត់ទុកសន្តិភាពថា ពិតជាសំខាន់ណាស់សម្រាប់ប្រទេសនិងប្រជាពលរដ្ឋរបស់ខ្លួន។

លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ បានចុះឈ្មោះបោះឆ្នោតរួចហើយ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ សូមមេត្តាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានន័យស្មើនឹងការបោះឆ្នោតឲ្យខ្លួនឯង បងប្អូនទទួលបានសុខសន្តិភាព ការអភិវឌ្ឍ បងប្អូនរស់នៅប្រកបដោយសុខដុមរមនា បន្តការកសាង និងអភិវឌ្ឍមូលដ្ឋានរបស់បងប្អូនឱ្យកាន់តែរីកចម្រើនថែមទៀត៕