សម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើអនុក្រឹត្យ រើសកងទ័ពអាកាស ៣០០នាក់


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងថា សម្តេចទើបចុះហត្ថលេខាលើអនុក្រឹត្យរើសកងទ័ពជាង ៣០០នាក់ សម្រាប់បំពេញការងារផ្នែកកងទ័ពអាកាស។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះនៅព្រឹកថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២ ពេលជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់។

បើតាមប្រសាសន៍សម្តេចតេជោ ការរើសទ័ពអាកាសបន្ថែមនេះ ដើម្បីពង្រឹងការការពារផ្នែកអាកាស ដែលសម្តេចបានហៅឈ្មោះថាជា «សំណាញ់មេឃ»

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំទើបចុះហត្ថលេខាលើអនុក្រឹត្យបង្កើតឲ្យរើសកងទ័ព ៣០០នាក់ សម្រាប់បំពេញបន្ថែមផ្នែកការពារអាកាស។ កម្ពុជាអត់ចាំបាច់យកយន្តហោះ ទៅបាញ់គ្នាលើអាកាសទេ តែត្រូវការកម្លាំងការពារអាកាស ហៅថា សំណាញ់មេឃ»

សូមជម្រាបថា កាលថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ដំណើរការ អគារជំងឺត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកម្ពុជាក្លាយជាមហាអំណាចយោធាលើពិភពលោក ក៏កម្ពុជាមិនគាំទ្រនយោបាយលើកទឹកទ័ពឈ្លានពានប្រទេសដទៃនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនត្រូវការយន្តហោះមិចទេ តែកម្ពុជារៀបសំណាញ់មេឃ ដោយបាញ់កម្ទេចរាល់យន្តហោះរំលោភដែនអាកាសកម្ពុជា៕