(កោះកុង)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតាមបណ្ដាកោះនានា ក្នុងស្រុកកោះកុង ខេត្តកោះកុង។
ក្នុងដំណើរនៃការបំពេញការងារនេះ ក៏មានការចូលរួមពី លោកស្រី លី អាយលែន ប្រធានអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា និងលោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
កោះដែលលោកជំទាវ ឱ វណ្ណឌីន ជិះអូប័រចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងនោះរួមមាន កោះស្រឡៅ សាលាបឋមសិក្សាកោះស្រឡៅ ឡាំដាំ និងកោងកាងបាងកាយ៉ាក។
ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន ក៏ឆ្លៀតសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងសាកសួរអំពីការទទួលយកនូវការចាក់វ៉ាក់សាំងផងដែរ។
គួរជម្រាបថា បើទោះបីនៅតាមបណ្ដាកោះឆ្ងាយពីដីគោកក៏ពិតមែន ប៉ុន្ដែប្រជាពលរដ្ឋនៅទីនេះទទួលបាននូវការចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា តាំងពីដូសមូលដ្ឋាន រហូតដល់ដូសទី៣ ទី៤ ដែលជាដូសជំរុញផងដែរ៕