ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តំណាងសម្តេចតេជោ អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត


(កំពត)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ដែលមានទីតាំងស្ថិតនៅភូមិចង្អោន ឃុំព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

ពិធីនេះ មានការអញ្ជើញចូលរួមជាកិត្តិយសដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងសមាជិក សមាជិកានៃគណៈ កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា តំណាងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាខេត្តកំពត និងអភិបាលនៃគណៈអភិបាលខេត្តកំពត ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក និងប្រជាពលរដ្ឋប្រមាណ ២០០០នាក់ផងដែរ។

ក្រុមហ៊ុនកំពត ឡូជីស្ទីក អេនផត ឯ.ក បានទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បី អភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅលើដីឯកជនរបស់ក្រុមហ៊ុនដែលមានទំហំសរុប ៦០០ហិកតា គ្រោងប្រើទុនវិនិយោគសរុបប្រមាណ ១៥០០លានដុល្លារអាមេរិក ដោយត្រូវអនុវត្តជា ៣ ដំណាក់កាល។ គម្រោងនេះស្ថិតនៅក្នុងតំបន់ដែលមានអំណោយផលក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស។

តម្រោងវិនិយោតអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត និងបង្កើតនូវ៖

១៖ កំពង់ផែទឹកជ្រៅពហុបំណងដ៏ធំមួយទៀតនៅកម្ពុជា និងទំនើបលំដាប់អន្តរជាតិ នៅក្នុងតំបន់អាស៊ាន ដែលអាចឱ្យនាវាចំណុះ ១០០ ០០០ តោន ចូលចតបាន។

២៖ តំបន់សេដ្ឋកិច្ចពិសេស ដែលមានតំបន់ពាណិជ្ជកម្មសេរី ទីលានកុងតឺន័រ មជ្ឈមណ្ឌលភស្តុភារកម្មឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារតយ រោងចក្រផលិតនិងចែកចាយ រោងចក្រចម្រាញ់

ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេសចរ។ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត នឹងបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលជូនប្រជាពលរដ្ឋប្រមាណ ១០០០០កន្លែង នៅពេលដាក់ឱ្យដំណើការ ព្រមទាំងជួយ ឱ្យសម្រេចឱ្យបានជោគជ័យនូវ «ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ចូនពហុមធ្យោបាយ និងភស្តុភារកម្ម» និងគោលដៅអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ពិសេសដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកដាក់ ផ្ទេរ ទំនិញចេញ-ចូលទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំ មកនូវភាពងាយស្រួលនិងប្រសិទ្ធភាពខ្ពស់ដល់ពាណិជ្ជករ និងអ្នកវិនិយោគ ក្នុងការនាំចេញផលិតផល កសិកម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារក្នុងតំបន់ និងពិភពលោក ដូចជាចូលរួមចំណែក អភិវឌ្ឍវិស័យភស្តុភារកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិង អភិវឌ្ឍសេដ្ឋកិច្ចជាតិ រួមចំណែកជំរុញសម្រេចគោលដៅ «ប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០»៕