(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២២នេះ នៅសាកលវិទ្យាល័យអន្តរជាតិ បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស និងសញ្ញាបត្រវេជ្ជបណ្ឌិត ជូនដល់និស្សិតសាកលវិទ្យាល័យ អន្តរជាតិចំនួន២៨៥នាក់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ បានធ្វើរបាយការណ៍ជូនពាក់ព័ន្ធនិស្សិតដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ ដែលមានការផ្តល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្រ្តនយោបាយជូនដល់ឯកឧត្តម មុត ខៀវ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកគ្រប់គ្រងជូនឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងការផ្តល់សញ្ញាបត្រវេជ្ជបណ្ឌិត ជូនដល់និស្សិតចំនួន ២៨៥នាក់ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យ។
ឯកឧត្តមសាកលវិទ្យាធិការបន្តថា សាកលវិទ្យាល័យអន្តរជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបានបង្កើតឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២។ សាកលវិទ្យាល័យ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ទាំងក្នុងផ្នែកអប់រំ និងស្រាវជ្រាវ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់ ក៏ដូចជាការសហការរបស់ស្ថាប័នជាដៃគូទាំងក្នុង និងក្រៅប្រទេស។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលោកសាកលវិទ្យាធិការ ក៏ដូចជាសកម្មភាពរបស់ថ្នាក់ដឹកនាំទាំងមូលនៃសាកលវិទ្យាល័យអន្តរជាតិ ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាល និស្សិតប្រកបដោយគុណភាព និងគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបាននេះជាជោគជ័យមួយ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍប្រទេសជាតិទាំងមូល។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានអបអរសាទរដល់និសិ្សតដែលបានខិតខំប្រឹងប្រែងសិក្សា រហូតដល់បានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ ក្នុងរយៈពេលកន្លងមកនេះ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះលោក មុត ខៀវ ដែលត្រូវបានសាកលវិទ្យាល័យ ផ្តល់ជូននូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្រ្តនយោបាយ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការបញ្ជាក់ដែរថា ពិតជាសក្តិសមណាស់ដែលសាកលវិទ្យាល័យ ប្រគល់សញ្ញាបត្របណ្ឌិតកិត្តយសជូនឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះឯកឧត្តម មុត ខៀវ បានលះបង់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំរើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាង៤០ឆ្នាំមកហើយ។
ឯកឧត្តមបន្តថា ឯកឧត្តម មុត ខៀវ ដែលឯកឧត្តមបានស្គាល់គាត់តាំងតែពីរូបឯកឧត្តម នៅជាកុមារភាព ហើយឯកឧត្តមក៏អ្នកដែលមើលថែឯកឧត្តម និងបងប្អូនកាលពីនៅកុមារភាពផងដែរ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់ឯកឧត្តម មុត ខៀវ និងឯកឧត្តម សាម៉ន បណ្ឌិត្យ និងប្រគល់សញ្ញាបត្រជូនដល់ និស្សិតទាំង២៨៥នាក់ និងផ្តល់កិត្តិយសថតរូបជាមួយអ្នកដឹកនាំ រួមទាំងនិស្សិតទុកជាអនុស្សាវរីយក្នុងបរិយាកាសស្និទិស្នាល និងរីករាយក្រៃលែង។
សូមបញ្ជាក់ថា ដើម្បីឆ្លើយតបនិងការកើនឡើងរបស់និសិ្សត បច្ចុប្បន្នសាកលវិទ្យាល័យអន្តរជាតិ មានទីតាំងកំពុងដំណើរការ ចំនួន៤កន្លែងដែលទីតាំងក្នុងរាជធានីភ្នំពេញ ជាទីតាំងគោល និង៣កន្លែងទៀត នៅតាមបណ្តាខេត្តរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងខេត្តកំពត ៕