ឯកឧត្តម ស្បោង សារ៉ាត និង ឯកឧត្តម ស្តើង សុខុម សម្ពោធទីស្នាក់ការថ្មីគណបក្សប្រជាជនកម្ពុជាចំនួន ២ឃុំ និងសំណេះសំណាលជាមួយសមាជិកបក្សប្រមាណ ១,៤០០នាក់ក្នុងស្រុកកំចាយមារ


ឯកឧត្តម ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងឯកឧត្តម ស្តើង សុខុម សមាជិកគណៈកម្មាធិការកណ្តាល, អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំចាយមារ នៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធទីស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងឃុំស្មោងខាងជើង និងឃុំដូនកឹង ស្រុកកំចាយមារ ព្រមទាំងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សប្រមាណ ១,៤០០នាក់។

ទីស្នាក់ការបក្ស គឺជាទីតាំងដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបក្សនៅតាមឃុំនីមួយៗប្រតិបត្តិការងារបម្រើបក្ស និងប្រជាពលរដ្ឋ។ ស្រុកកំចាយមារ មានឃុំចំនួន៨ តាមរយៈគណៈពង្រឹងការងារបក្សដឹកនាំដោយលោក ស្តើង សុខុម មកដល់ពេលនេះឃុំទាំង៨នេះ ត្រូវបានសាងសង់ទីស្នាក់ការគណបក្សរួចរាល់អស់ហើយ។

ទីស្នាក់ការបក្សដែលសម្ពោធថ្មីនៅក្នុងឃុំស្មោងខាងជើង និងឃុំដូនកឹង បានចំណាយថវិកាជិត ១៤ម៉ឺនដុល្លារអាមេរិក។ ថវិកានេះចំណាយលើការទិញដី សាងសង់អគារ និងបំពាក់បរិក្ខារផ្សេងៗ។

ថវិកាចំណាយលើការទិញដី និងសាងសង់ទីស្នាក់ការនេះ គឺជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងការងារខេត្តព្រៃវែង ព្រមទាំងក្រុមការងារគណៈពង្រឹងការងារស្រុកកំចាយមារ។ ដោយឡែកការងារសាងសង់ដឹកនាំដោយប្រធានក្រុមការងារបក្សចុះជួយឃុំនីមួយៗ។ ក្នុងនោះ ទីស្នាក់ការបក្សឃុំស្មោងខាងជេីង ដឹកនាំកសាងដោយ លោក ឌុច គន្ធា ប្រធានក្រុមការងារចុះជួយឃុំស្មោងខាងជើង ហេីយទីស្នាក់ការឃុំដូនកឹង ដឹកនាំកសាងលោក កាំង លាង អតីតប្រធាន និងលោកមួង ដារ៉ា ប្រធានក្រុមការងារចុះជួយឃុំដូនកឹង នាពេលបច្ចុប្បន្ន។

នៅក្នុងពិធីសម្ពោធទីស្នាក់ការ និងសំណេះសំណាលនេះ ឯកឧត្តម ស្បោង សារ៉ាត និងលោក ស្តើង សុខុម បានថ្លែងស្វាគមន៍ចំពោះវត្តមានទីស្នាក់ការបក្សថ្មីទាំងពីរ និងបានថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ដែលបានផ្តល់ការឧបត្ថម្ភសម្រាប់សាងសង់ទីស្នាក់ការបក្សទាំងពីរ។

ឯកឧត្តម ស្បោង សារ៉ាត និងលោក ស្តើង សុខុម បានហៅវត្តមានទីស្នាក់ការរបស់គណបក្សប្រជាជននេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីភាពកាន់តែរឹងមាំនៃគណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋាន ហើយជាការផ្តល់ទីតាំងដ៏សមរម្យដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សម្រាប់ប្រតិបត្តិការទាំងឡាយរបស់បក្ស ដែលជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនផងដែរ។

នៅក្នុងកិច្ចសំណេះសំណាលនេះ ឯកឧត្តម ស្តើង សុខុម បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សទាំងអស់ ដែលបានចូលរួមក្នុងពិធី។

ឯកឧត្តម ស្តើង សុខុម ក៏បានឆ្លៀតគូសរំលេចពីកិច្ចប្រឹងប្រែងក្នុងការដឹកនាំ និងកសាងជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ជាពិសេសការប្រឹងប្រែងគ្រប់គ្រង និងប្រយុទ្ធប្រឆាំងចំពោះការរីករាលដាលជំងឺកូវីដ១៩ ទទួលបានជោគជ័យយ៉ាងត្រជះត្រចង់រហូតមិនមានអ្នកឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី០៧ ខែឧសភា កន្លងទៅនេះ។

ឯកឧត្តម ស្តើង សុខុម បានគូសរំលេចថា ភាពជោគជ័យនេះ មិនមែនកើតចេញដោយឯកឯងនោះឡើយ តែគឺជាលទ្ធផលមួយកើតចេញពីការដាក់ចេញនូវវិធានការ និងផែនការមួយដ៏ច្បាស់លាស់ និងលឿនរហ័សរបស់សម្តេចតេជោ ហ៊ុន សែន និងសេនាធិការរបស់សម្តេច។ ជាពិសេសការដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

«សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល លោកបានប្រឹងប្រែងខ្លាំងណាស់ទើបទទួលបានលទ្ធផលបែបនេះ។ លទ្ធផលនេះយើងទទួលបានការកោតសរសើរជាខ្លាំងទាំងនៅក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ នេះជាមោទនភាពរបស់យើង ដែលមានមេដឹកនាំយកអស់កម្លាំងកាយចិត្តគិតគូរពីសុខទុក្ខរបស់ពួកយើង»។ នេះជាការគូសបញ្ជាក់របស់លោក ស្តើង សុខុម។

ឯកឧត្តម ស្តើង សុខុម ក៏បានលើកបង្ហាញនូវបន្ទាត់នយោបាយ ក៏ដូចជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការផ្តល់សេវាបម្រើប្រជាពលរដ្ឋ ក៏ដូចជាកិច្ចអភិវឌ្ឍន៍នៅតាមមូលដ្ឋានក្នុងរយៈពេល៤អាណត្តិកន្លងទៅ។ តាមរយៈនយោបាយនេះ បានធ្វើឱ្យការផ្តល់សេវារដ្ឋបាលនានាកាន់តែលឿនរហ័ស ហើយការអភិវឌ្ឍនៅតាមមូលដ្ឋាន ដូចជាការសាងសង់ផ្លូវ និងធ្វើប្រព័ន្ធធារាសាស្ត្រផ្សេងៗជាច្រើន ដើម្បីសម្រួលការធ្វើដំណើរ និងការទាញយកទឹកទៅស្រោចស្រប់ការធ្វើស្រែចម្ការ និងដាំដុះដំណាំផ្សេងៗ។

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំចាយមារ បានគូសរំលេចថា តាមរយៈគោលនយោបាយទាំងនេះ បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ហើយក៏ជាហេតុដែលនាំឱ្យប្រជាពលរដ្ឋកាន់តែផ្តល់ការជឿជាក់មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លោក ស្តើង សុខុម បានអះអាងថា គោលនយោបាយអភិវឌ្ឍន៍មូលដ្ឋាន និងជំរុញជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ នៅតែជាអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា។

ដោយឡែកលោក ស្បោង សារ៉ាត បានលើកឡើងពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ លោក ស្បោង សារ៉ាត បានណែនាំដល់ថ្នាក់ដឹកនាំ និងប្រធានក្រុមនៅតាមឃុំនីមួយៗយកចិត្តទុកដាក់ និងក្តាប់ឱ្យជាប់នូវព័ត៌មានសមាជិកនៅក្នុងឃុំ។

ឯកឧត្តម ស្បោង សារ៉ាត ក៏បានណែនាំឱ្យសមាជិក សមាជិកាបក្សនៅតាមឃុំនីមួយៗ ត្រៀមលក្ខណៈសម្បត្តិទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី០៥ ខែមិថុនា។ ជាពិសេសត្រូវត្រៀមឯកសារបម្រើដល់ការបោះឆ្នោត ដូចជាអត្តសញ្ញាណបណ្ណជាដើម។

នៅក្នុងពិធីសម្ពោធទីស្នាក់ការបក្ស និងសំណេះសំណាលនេះ លោក ស្តើង សុខុម ក៏បានរៀបចំអំណោយមួយចំនួនជូនដល់សមាជិក សមាជិការបស់ខ្លួនផងដែរ។ អំណោយគិតជាថវិកាសរុបប្រមាណ ១១លានរៀល និង ៨,៨៥១ដុល្លារ៕