ឯកឧត្តម ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម ដោយបានបង្ហាញពីការស្ញប់ស្ញែងចំពោះការលះបង់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រាប់ជាតិ និងប្រជាជន ដោយមិនខ្លាចភាពនឿយហត់ ទោះបីត្រូវមានទំនួលខុសត្រូវច្រើនក្នុងពេលតែមួយក៏ដោយ។
ការបង្ហោះសាររបស់ឯកឧត្តម ហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ធ្វើជាសហប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក តាមការអញ្ជើញរបស់ លោក Joe Biden ប្រធានាធិបតីអាមេរិក។
ការអញ្ជើញទៅក្រៅប្រទេសដើម្បីបំពេញការងារ ក្នុងនាមជាប្រធានអាស៊ាន នៅពេលនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏ធ្វើឡើងបន្ទាប់ពីសម្ដេចបានជួបនូវរឿងដ៏សោកសៅមួយផងដែរគឺការបាត់បង់នូវបងប្រុសបង្កើត គឺសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដោយមិនបានលាគ្នាសូម្បីតែមួយម៉ាត់។
ឯកឧត្តម ហ៊ុន ម៉ានី បានរៀបរាប់បែបនេះថា៖
«តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Joe Biden ពុកក្នុងនាមជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងដែលកំពុងកាន់តំណែងជាប្រធានអាស៊ាន បានចេញដំណើរទៅសហរដ្ឋអាមេរិកនៅថ្ងៃនេះ។
ទោះជាពុកមានទំនួលខុសត្រូវជាច្រើនដែលក្នុងនោះរួមមាន ការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ឈានឆ្ពោះទៅកាន់ការស្តារឡើងវិញនៃស្ថានភាពសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិ ការខិតជិតមកដល់នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់, ទុក្ខសោក នៃការបាត់បង់បងប្រុសបង្កើតដោយសារជំងឺគាំងបេះដូង, កាតព្វកិច្ចចំពោះជាតិ និងប្រជាជននៅតែបន្ត។
ក្នុងនាមប្រជាពលរដ្ឋទាំង១៧លាននាក់ និងក្នុងនាមជាប្រធានអាស៊ាន ដើម្បីជំរុញទំនាក់ទំនង អាស៊ាន អាមេរិក ពុកត្រូវធ្វើដំណើរឆ្ងាយពីផ្ទះ ដើម្បីដឹកនាំ និងចូលរួមកិច្ចប្រជុំជាច្រើន ក្នុងនោះមានការធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ កំពូលអាស៊ានអាមេរិក ជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden ផងដែរ។
ជាមួយគ្នានេះ យើងក៏ឃើញថា បងប្អូនខ្មែរជាច្រើននៅសហរដ្ឋអាមេរិក និងប្រទេសកាណាដាកំពុងរង់ចាំជួបពុកក្នុងបរិយាកាសជាមហាគ្រួសារខ្មែរតែមួយ។ ពុកប្រាកដជានឿយហត់ តែនោះមិនមានអ្វីចម្លែកសម្រាប់ពុកទេ ព្រោះជិវិតរបស់ពុកបានលះបង់សម្រាប់ជាតិ និងប្រជាជនជារៀងរហូតមកហើយ»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីរាជធានីភ្នំពេញហើយ នៅវេលាម៉ោង៧៖៤៥នាទី នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។
កិច្ចប្រជុំកំពូលពិសេសនេះ ធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីអបអរសាទរទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-អាមេរិក ដែលរយៈពេល ៤៥ឆ្នាំមកហើយនោះ។ កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ២០១៦ ហើយជាការជួបប្រជុំគ្នាដោយផ្ទាល់មុខលើកទី១ សម្រាប់ថ្នាក់ដឹកនាំកំពូលអាស៊ាន-អាមេរិក គិតចាប់តាំងពីឆ្នាំ២០១៧មក៕