ឯកឧត្តមបណ្ឌិត ថោង ខុន នឹងដឹកនាំប្រតិភូ និងអត្តពលិកកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ល្ងាចនេះ ខណៈវីកីឡាការិនី ខាន់ ចេសា ជាអ្នកនាំទង់ជាតិកម្ពុជា


(ហាណូយ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលទទួលបន្ទុកជាប្រធានប្រតិភូកីឡាកម្ពុជា នឹងដឹកនាំប្រតិភូ និងកីឡាករ-កីឡាការិនី ចូលរួមពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ជាផ្លូវការនៅល្ងាចថ្ងៃទី១២ ខែឧសភានេះ ស្របពេលវីរៈកីឡាការិនីជឺជិតស៊ូកម្ពុជា ខាន់ ចេសា ត្រូវបានជ្រើសរើសឲ្យកាន់ និងនាំទង់ជាតិកម្ពុជា ដើម្បីចូលរួមដង្ហែរក្នុងពិធីបើកការប្រកួតផ្លូវការនេះ ។

សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន បានដឹកនាំប្រតិភូ និងអត្តពលិក ១៥ប្រភេទកីឡា ធ្វើដំណើរត្រង់ពីកម្ពុជា ទៅដល់ទីក្រុងហាណូយ ដោយសុវត្ថិភាព កាលពីម្សិលមិញ ហើយលោកបានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបានយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់ លើការធ្វើដំណើររបស់ប្រតិភូ និងអត្តពលិកកម្ពុជាទាំងអស់ តាមរយៈយន្ដហោះពិសេស ដែលសម្របសម្រួលដោយរដ្ឋាលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុន Cambodia Airways ដែលដឹកជញ្ជូនទាំងទៅមកដោយឥតគិតថ្លៃ ។

គិតមកទល់ពេលនេះ កម្ពុជាបានបញ្ជូនប្រតិភូ និងអត្តពលិកប្រមាណ ៤០០នាក់ លើ ២២ប្រភេទកីឡាហើយ ទៅទីក្រុងហាណូយ ក្នុងចំណោមប្រតិភូ និងអត្តពលិក ៣៣ប្រភេទកីឡា ដែលកម្ពុជាបានត្រៀមបញ្ជូលចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់ ដែលនឹងរៀបចំពិធីបើកការប្រកួតផ្លូវការល្ងាចនេះ ។ ប៉ុន្ដែមុនឈានដល់ការប្រកួតផ្លូវការ ក៏មានកីឡាមួយចំនួនបានធ្វើការប្រកួតជាបណ្ដើរៗ នឹងដណ្ដើមបានមេដាយជូនជាតិជាបណ្ដើរៗផងដែរ ជាក់ស្ដែងកីឡាករទូករ៉ូអ៊ីងកម្ពុជា បានឈ្នះមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាគូបុរស ។

អ្វីដែលពិសេស គឺក្រុមអត្តពលិកកីឡាឃីកបុកស៊ីងកម្ពុជា ដែលមានបេក្ខភាពរហូតដល់ ៤រូប បានឡើងវគ្គផ្ដាច់ព្រ័ត្រត្រៀមប្រកួតដណ្ដើមមេដាយមាសជូនជាតិ នាថ្ងៃទី១៣ ខែឧសភាស្អែកនេះ រួមមានកីឡាករ ទូច រ៉ាឆាន់ លន់ បញ្ញា កាន់ ម៉េងហុង និងកីឡាករ ឈឿង ល្វៃ ហើយកីឡាករ សាន រ៉ាគីម ក៏ទទួលបានមេដាយសំរឹទ្ធស្ទួន ១គ្រឿងផងដែរ ។ ចំណែកប្រភេទកីឡាផ្សេងៗទៀត នឹងចាប់ផ្ដើមការប្រកួតជាបន្ដបន្ទាប់ ក្រោយពិធីបើកល្ងាចនេះ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ៕