(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនៅអាមេរិក ត្រូវក្រោកឡើងប្រឆាំងនឹងច្បាប់អាមេរិក ដែលកំណត់ឲ្យបណ្តេញខ្មែរធ្លាប់ជាប់ពន្ធនាគារ ត្រឡប់មកខ្មែរវិញនោះ។
ការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) ពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង ២ពាន់នាក់។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន គឺកន្លងមកមានអ្នកគំរាមកំហែងថា ពលរដ្ឋខ្មែររស់នៅអាមេរិក ដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវដកសញ្ជាតិអាមេរិកចេញ។
បន្ថែមលើនេះ រដ្ឋាភិបាលអាមេរិក មិនដោះស្រាយបញ្ហាគំរាមកំហែងនេះតែ បែរទៅជាបន្តធ្វើការចោទប្រកាន់ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្វើទុក្ខបុកម្នេញគណបក្សផ្សេងៗទៅវិញ ហេតុដូច្នេះហើយ សម្តេចតេជោបានជំរុញឲ្យពលរដ្ឋខ្មែរនៅអាមេរិក ងើបឡើងតបតវិញ តាមរយៈប្រាប់ទៅតំណាងរបស់ខ្លួន ឲ្យការពារពួកគាត់ ដោយបញ្ជាក់ថា បើមិនការពារពួកគាត់ទេ ឈប់បោះឆ្នោតគាំទ្រ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «កន្លងទៅខ្ញុំយល់អារម្មណ៍ ហើយមិននឹកស្មានថា គេមកគំរាមបងប្អូននៅលើទឹកដីបិតាប្រជាធិបតេយ្យបែបនេះទេ។ រហូតគេថា អ្នកណាគាំទ្ររាជរដ្ឋាភិបាល នឹងត្រូវដកសញ្ជាតិឲ្យត្រឡប់ទៅប្រទេស។ តើនេះជាការគំរាមកំហែងមួយទេ ចំពោះពលរដ្ឋយើងខ្ញុំ ដែលកំពុងរស់នៅលើដែនដីអាមេរិក។ ខ្ញុំសូមអំពាវនាវ ចំពោះរដ្ឋាភិបាលអាមេរិក ការពារប្រជាពលរដ្ឋយើងខ្ញុំ កុំឲ្យមានការគំរាមកំហែង។ ពួកអ្នកមួយចំនួននិយាយថា រដ្ឋបាលលោក ហ៊ុន សែន គំរាមបក្សនេះបក្សនោះ តែអ្នកដែលនិយាយថា អ្នកគាំទ្រ ហ៊ុន សែន អ្នកគាំទ្រ CPP (គណបក្សប្រជាជនកម្ពុជា) តើវាជាការគំរាមកំហែង ឬអត់? ដល់ពេលដែលបងប្អូន ងើបឈរឡើងដើម្បីការពារសេរីភាពរបស់ខ្លួន។ ខ្ញុំនិយាយនេះ ខ្ញុំមានកាតព្វកិច្ចការពារបងប្អូននៅក្រៅប្រទេសទាំងអស់»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកដែរ កម្ពុជានិងអាមេរិក មានកិច្ចព្រមព្រៀងមួយ បានធ្វើតាំងពីសម័យប្រធានាធិបតី គ្លីនតុន ដោយបញ្ជាក់ថា ពលរដ្ឋកម្ពុជាណា ដែលប្រព្រឹត្តកំហុសនៅអាមេរិក បន្ទាប់ពីជាប់គុកនៅអាមេរិកហើយ ត្រូវនិរទេសទៅប្រទេសកំណើតវិញ។
សម្តេចតេជោ បានបន្តថា វាជារឿងឈឺចាប់ណាស់ ដែលមនុស្សមួយចំនួនបានទៅធ្វើអត្តឃាតនៅកម្ពុជា ទោះបីតិច វាជាការគួរឲ្យសោកស្តាយ។ រឿងអកុសលមួយទៀត ពេលប្តីធ្វើកំហុសជាប់គុក ដល់ពេលនិរទេស ប្រពន្ធនិងកូននៅអាមេរិក ដោយឃើញបញ្ហានោះ សម្តេចបានសុំស្នើធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ដោយយកបញ្ហាគោលការណ៍មនុស្សធម៌ធ្វើជាមូលដ្ឋាន។
ប៉ុន្តែសម្តេចក៏មិននឹកស្មានថា រដ្ឋបាលអាមេរិកបានយល់ខុសពីកម្ពុជា ថាកម្ពុជាយើងជាប្រទេសមិនសហការ ដោយដាក់ទណ្ឌកម្មមកលើមន្ត្រីរបស់កម្ពុជា អំពីបញ្ហាទិដ្ឋការសម្រាប់មន្ត្រីការទូតជាន់ខ្ពស់ ប៉ុន្តែក្នុងពេលជាមួយគ្នា កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងនេះ។ សម្តេចអះអាងថា មានបងប្អូនខ្មែរនៅអាមេរិកជាង ១០០នាក់ទៀត ដែលត្រូវនិរទេសទៅស្រុកខ្មែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «រឿងនេះបងប្អូនត្រូវយោគយល់ខ្ញុំ។ ខ្ញុំចង់ការពារបងប្អូនយើង តែច្បាប់អាមេរិក គឺបែបហ្នឹង។ ចង់ការពារបងប្អូនយើង តែគេដាក់ទណ្ឌកម្មអ្នកដែលត្រូវការពារបងប្អូន។ ឥឡូវបងប្អូនងើបឡើងការពារខ្លួន ហើយបង្ហាញអត្តសញ្ញាណច្បាស់ថា ខ្ញុំគាំទ្រគណបក្សប្រជាជនកម្ពុជា ខ្ញុំគាំទ្ររដ្ឋាភិបាល ខ្ញុំគាំទ្រប្រទេសរបស់ខ្ញុំ។ កុំខ្លាច កុំសម្ងំតទៅទៀត ខ្ញុំត្រូវតែនិយាយ ពលរដ្ឋរបស់ខ្ញុំទទួលការគំរាមពីអ្នកដទៃ! ហើយបើអ្នកឯងមិនដោះស្រាយទេ អ្នកឯងកុំមកនិយាយជាមួយខ្ញុំថា ហ្អេរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គំរាមកំហែងគណបក្សដទៃ កុំមកនិយាយ។ នៅស្រុកលោកឯងអត់ដោះស្រាយបញ្ហា (មានការគំរាមដកសញ្ជាតិអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា) មិនបានផង តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យយ៉ាងម៉េច»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងថា ដល់ពេលដែលខ្មែរនៅអាមេរិកក្រោកឈរ ដើម្បីការពារសិទ្ធិសេរីភាពរបស់ខ្លួនហើយ។ បន្ថែមលើនេះ អ្វីដែលសម្តេចតេជោទាមទារអាមេរិក មិនឲ្យបញ្ជូនពលរដ្ឋខ្មែរប្រព្រឹត្តទោសទៅខ្មែរវិញ គឺដើម្បីការពារប្រយោជន៍របស់ខ្មែរនៅអាមេរិកនេះតែម្តង៕