(បន្ទាយមានជ័យ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមេដឹកនាំកាច់ចង្កូតនាវាកម្ពុជាឱ្យចេញពីភាពឯកកោ និងហ៊ុព័ទ្ធសេដ្ឋកិច្ច មកជាប្រទេសមានកិត្តិនាមស្មើភាព និងស្មើសិទ្ធិរាល់កិច្ចការអន្តរជាតិ ជាពិសេសថ្មីនេះបានសង្រ្គោះជីវិតប្រជាពលរដ្ឋ ពីជំងឺកូវីដ១៩។
ការថ្លែងបែបនេះរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងក្នុងឱកាសដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងកោតសរសើរសមាជិកសមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ដែលបានរួមគ្នាខិតខំបំពេញការងារតាមគោលនយោបាយបក្ស និងរាជរដ្ឋាភិបាល បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់រក្សាបានសុខសន្តិភាព នាំមកភាពសុខដុមរមនា និងអភិវឌ្ឍមូលដ្ឋានបានរីកចម្រើន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា «រយៈពេលជាង៤៣ឆ្នាំ ផ្តើមចេញពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ កម្ពុជាក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា បានជម្នះរាល់ឧបសគ្គ ការលំបាករាប់ម៉ឺនជំពូក និងសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តជាច្រើន៖ សង្រ្គោះប្រជាពលរដ្ឋពីគ្រោះប្រល័យពូជសាសន៍ ការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ខឿនសន្តិសុខជាតិ និងស្ថិរភាពនយោបាយ រក្សាបាននូវព្រំដែនសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងអភិវឌ្ឍន៍ រក្សាបានសន្តិសុខផ្ទៃក្នុង សណ្តាប់ធ្នាប់សាធារណៈ និងប្រក្រតីភាពនៃដំណើរការស្ថាប័នកំពូលជាតិ និងសុខដុមរមនារបស់ប្រជាជន នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិនិងសេចក្តីថ្លៃថ្នូរមនុស្សត្រូវបានលើកកម្ពស់ ពីប្រទេសឯកកោ និងហ៊ុព័ទ្ធសេដ្ឋកិច្ចមកជាប្រទេសមានកិត្តិនាមស្មើភាព និងស្មើសិទ្ធិរាល់កិច្ចការអន្តរជាតិ។ល។ ជាពិសេសថ្មីនេះបានសង្រ្គោះជីវិតប្រជាពលរដ្ឋ ពីក្រញាំមច្ចុរាជកូវីដ១៩ គោលនយោបាយចាក់ស្រោចវ៉ាក់សាំងបង្កើតភាពស៊ាំ បើកប្រទេសឡើងវិញតាមគន្លងប្រក្រតីភាពថ្មី»។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវដល់សមាជិកសមាជិកាទាំងអស់ ត្រូវបន្តមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន អនុវត្តគោលនយោបាយគណបក្ស និងរាជរដ្ឋាភិបាលដើម្បីបន្តការរីកចម្រើនដល់មូលដ្ឋានជាបន្តទៀន និងពិនិត្យឯកសារអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ឱ្យបានគ្រប់ៗគ្នា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកអំណោយជាថវិកាឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ ក្រុមគ្រូពេទ្យក្នុង០១ក្រុមៗថវិកា៥០ម៉ឺនរៀល, ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗទទួលបាន ១សារុង, ឧបត្ថម្ភ ស.ស.យ.ក ក្រុមការងារយុវជន ក្រុមការងារអភិវឌ្ឍយុវជន ខេត្តបន្ទាយមានជ័យ ក្រុមការងារយុវជនបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ ១២០នាក់ ម្នាក់ៗសារ៉ុង១ ថវិកា១ម៉ឺនរៀល, ប្រគេនដែក ៥តោន ស៊ីម៉ងតិ៍ ២០តោន ដល់វត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕